យ៉ាងហោចណាស់ក៏មានមនុស្ស៣០នាក់ស្លាប់ និង៥២នាក់រងរបួសផងដែរក្នុងការវាយប្រហារគ្រាប់បែកនៅជិតសាលាមធ្យមសិក្សាស្រី នៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានប្រកាសថា ករណីផ្ទុះកើតឡើងនៅជិតសាលា Sayeed ul Shuhada សម្រាប់សិស្សស្រី ក្នុងតំបន់ Dasht-e-Barchi ក្នុងទីក្រុងកាប៊ុល នៅល្ងាចថ្ងៃទី៨ ខែឧសភា ។ មកទល់ពេលនេះ ក្រុមជំនាញមិនទាន់បញ្ជាក់ពីករណីផ្ទុះនេះនៅឡើយទេ ហើយក៏មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់នៅឡើយដែរ។
អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabiullah Mojahid បានច្រានចោលព័ត៌មានជាប់ពាក់ព័ន្ធករណីខាងលើ ។
តាមសារព័ត៌មានTolo News របស់អាហ្វហ្គានីស្ថាន បានឱ្យដឹងថា ករណីផ្ទុះខាងលើកើតឡើងក្នុងពេលដែលសិស្សចេញពីសាលារៀន។ សាក្សីនៅកន្លែងកើតហេតុមានទាំងគ្រូបង្រៀនផងបានឱ្យដឹងថា មានសំឡេងផ្ទុះដល់ទៅ៣លើក ក្រោយពីមានរថយន្តផ្ទុកគ្រាប់បែកចតនៅក្បែរសាលារៀន។ ជនរងគ្រោះភាគច្រើនគឺជាសិស្សស្រី។
អាហ្វហ្គានីស្ថាន បានទទួលរងការវាយប្រហារដោយគ្រាប់បែកបង្កែក្នុងរថយន្តជាច្រើនលើកនាពេលកន្លងមក បើទោះបីមានកិច្ចពិភាក្សាស្តីសន្តិភាពរវាងក្រុមតាលីបង់នឹងរដ្ឋាភិបាលអាហ្វហ្គានីស្ថានក៏ដោយ។
រដ្ឋាភិបាលបណ្តាប្រទេស និង អង្គការក្រៅរដ្ឋាភិបាល បានលើកឡើងថា អំពើហិង្សានៅក្នុងប្រទេសដែលមានសង្គ្រាមអូសបន្លាយរយៈពេលពីរទសវត្សរ៍កន្លងមកគឺជារឿងមិនអាចទទួលយកបានឡើយ។ ទន្ទឹមនឹងនោះសហគមន៍អន្តរជាតិ បានអំពាវនាវឲ្យឈប់បាញ់ជាបន្ទាន់ រវាងតាលីបង់នឹងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន៕ ដោយ៖ធីរីណា
រូបភាព៖Rahmat Gulzap/CNN
រូបភាព៖Reuters