ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់បុកស្លាប់ម្នាក់និងរបួសម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូម្ខាងទៀតបើកស្របគ្នាមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី
ថ្ងៃ អាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ លើផ្លូវជាតិលេខ ១៣ Km ០៤និង០៥ ស្ថិតក្នុងភូមិ ព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានដឹងថាស្ត្រីដែលស្លាប់មានឈ្មោះសូ សាក់ណា អាយុ ៦៥ ឆ្នាំ និងប្អូនស្រីរងរបួសឈ្មោះ សូ សាក់ណាន  អាយុ ៦១ ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិ ពភ្លា សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N -៨៥២១ ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយកើតហេតុបានរត់គេចខ្លួនបន្សល់តែម៉ូតូម៉ាក
ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ ១E- ៧៩៨៣។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានស្ត្រីចំណាស់២នាក់ដែលគេស្គាល់ថាជាបងប្អូនបង្កើតនិងគ្នាបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N- ៨៥២១ ក្នុងទិសដៅពីជើងទៅត្បូងដោយមិនពាក់មួកសុវត្ថិភាពខណៈនោះក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏ត្រូវម៉ូតូម្ខាងទៀតម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ ១E- ៧៩៨៣បើកស្របគ្នាមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃតែម្ដង។

ក្រោយកើតហេតុស្ត្រីជាប្អូនដែលអ្នករងរបួសត្រូវបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងចំណែកស្ត្រីជាបងដែលស្លាប់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់សពអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

ចំណែក មធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដោះស្រាយតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖