ព័ត៌មានទាន់ហេតុការណ៍៖

លោក សុឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram ត្រូវបានបែកធ្លាយ

ចែករំលែក៖

ខេត្តកណ្ដាល៖ តាមពិតករណីខ្លះទោះជាក្នុងប្រព័ន្ធ Telegram ក៏ដោយជាកំហុសដែរ ខណៈខ្លួនជាមន្ត្រីអនុវត្តច្បាប់, ជាមន្ត្រីនគរបាលយុត្តិធម៌ បង្កើតការនិយាយ ជាមួយការប្រព្រឹត្តនូវល្បែងសុីសង ជាអំពើល្មើសច្បាប់។ ទោះការលេងភ្នាល់លុយតិច-ច្រើនក្តី ក៏ដោយ ពាក្យថាល្បែងគឺល្មើសច្បាប់ទៅហើយ ។

សូមបញ្ជាក់ថា, នាវេលាម៉ោង ១៩:៣៦នាទីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានផ្ញើរសារសម្លេង លេងសើច មកកាន់ គ្រុប តេលេក្រាម ⟨Group telegram⟩ ដែលសម្លេងនោះបានមានការឆ្លើយឆ្លងគ្នា ច្បាស់ៗ មានស្រី មានប្រុស អាចបញ្ជាក់បានថា ជាការជួបជុំគ្នាលេងល្បែងស៊ីសងពិតប្រាកដ តាមរយៈទឹកលុយផងដែរ។

បើយោងតាមក្នុងសារសម្លេងនោះ ក៏បានបញ្ជាក់អំពីទង្វើហួសហេតុរបស់លោក សុឹម ឃាង អធិការស្រុកកោះធំ ដែលបានបញ្ចេញវោហាស័ព្ទ មើលងាយមិនគោរពច្បាប់ មិនគោរពតួនាទី ភារកិច្ចរបស់ខ្លួន មិនអោយតម្លៃដល់មន្ត្រីដែលកំពុងតែអនុវត្តច្បាប់។ ខ្លួនជាអ្នកបង្ក្រាបល្បែងស៊ីសងបែជា មកលេងល្បែងស៊ីសង ផ្ទុយពីតួនាទី ភារកិច្ច ស្មើនឹងអ្នកអនុវត្តច្បាប់ តែអង្គុយលើច្បាប់ទៅវិញ។
បើនិយាយពីលោកអធិការរូបនេះមានបណ្តឹងពីកូនចៅ ដែលថ្នាក់លើមិនទាន់ មានវិធានការដោះស្រាយបញ្ចប់ផង គាត់នៅតែបន្តរឿងប្រព្រឹត្តផ្ទុយពីមន្ត្រីអនុវត្តច្បាប់ដដែល។
សូមរំឮកថា៖ «កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ រូបនេះ បានទទួលរងការចោទប្រកាន់ ពីមន្ត្រីក្រោមឱវាទជាច្រើនរូប នាំគ្នាផ្តិតមេដៃ ដាក់ពាក្យបណ្តឹងទៅថ្នាក់ដឹកនាំ ឱ្យជួយពិនិត្យមើលការងារដឹកនាំរបស់លោកអធិការស្រុកកោះធំ និងបក្ខពួកដែលសម្បូររឿងអាស្រូវ។

ក្នុងពាក្យបណ្តឹងនោះបានចោទប្រកាន់លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ និងបក្ខពួក បានធ្វើឱ្យមន្ត្រីនគរបាលក្នុងអធិការដ្ឋានទាំងមូល បែកបាក់សាមគ្គីភាពគ្នា ដោយលោកអធិការ ប្រកាន់យកបក្ខពួកនិយម អួតអាងថាមានខ្សែខ្នងធំៗចាំជួយ រហូតដល់ប្រព្រឹត្តអំពើពុករលួយខុសច្បាប់ជាច្រើន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ។ មិនតែប៉ុណ្ណោះ លោកអធិការ ចូលចិត្តដើរផឹកស៊ី ច្រៀងខារ៉ាអូខេ មិនយកចិត្តទុកដាក់ជាមួយការងារ ធ្វើឱ្យក្នុងមូលដ្ឋាន កើតមានបទល្មើសជាបន្តបន្ទាប់ ទាំងអំពើចោរកម្ម លួច ឆក់ និងមានក្មេងទំនើងបង្កអសន្តិសុខពេញមូលដ្ឋាន សូម្បីតែក្មេងជក់ថ្នាំញៀន ក៏សម្បូរ រីឯវង់ល្បែងរីកគ្រប់កន្លែង។ និងមានប្រជាពលរដ្ឋអ្នកលេង facebook ឆាតចូលក្រុមប្រតិកម្មរហ័សនៃនគរបាលស្នងការដ្ឋាននគរបាលខេត្តកណ្តាលក៏ធ្លាប់មានពីទីតាំងល្បែង។
ក្នុងពាក្យបណ្តឹងបានចោទប្រកាន់ទៅលើលោក សុឹម ឃាង អធិការនគរបាលស្រុកកោះធំ រូបនេះ ទៀតថា៖ ដោយឡែក មន្ត្រីណាដែលចង់ឡើងតួនាទីបុណ្យស័ក្តិ ទោះជាខិតខំប្រឹងប្រែងធ្វើការងារបម្រើជាតិយ៉ាងណាក៏ដោយ បើគ្មានលុយកាក់សូកប៉ាន់ទេ កុំសង្ឃឹមថានឹងបានឡើងស័ក្តិឱ្យសោះ រហូតដល់ធ្លាប់ផឹកស៊ីស្រវឹង រករឿងទះកំផ្លៀងមន្ត្រីក្រោមឱវាទម្នាក់ថែមទៀតផង»។ពាក់ព័ន្ធទៅនិងសារសម្លេង របស់លោក ស៊ឹម ឃាង អធិការស្រុកកោះធំ នេះផងដែរ ឃើញលោកអធិការបានបំភ្លឺជូនអ្នកសារព័ត៌មានក្នុងស្រុកយ៉ាងខ្លីថា,  ⟨ហាហានិយាយគ្នាលេងទេ⟩ ហើយគាត់បានព្យាយាមលុបចោលទាំងស្រុងរាល់ការសុំបំភ្លឺ⟩ ។
ហេតុដូចនេះ មន្ត្រីក៏ដូចប្រជាពលរដ្ឋ សំណូមពរ ដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ , លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មេត្តាពិនិត្យមើលនូវសារសម្លេង ដែលប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង ឌឺដង របស់លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ ផងថាតើជាកំហុស ឬមួយជាសារលេងសើច? ។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១ បានប្រាប់អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”យ៉ាងខ្លីថា, ខ្ញុំមិនដឹងថា, គាត់ជួបជុំគ្នានៅឯណាទេ ជួនកាលគាត់ជួបជុំគ្រួសារគាត់ក៏មិនដឹង” ! ។
សូមជម្រាបជូនថា, ករណីខ្លះជាការលេងសើចសប្បាយ ល្បែងសុីសងកំដរការអផ្សុក ប៉ុន្តែមហាជនឃើញ ដឹង មន្ត្រីក្រោមឱវាទឃើញទង្វើនេះ គាត់ប្រាកដជាមិនអាចទទួលយកបាន ៕

ដោយ ៖ សិលា


ចែករំលែក៖