ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជំរាបជូនដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានឲ្យដឹងថាស្ត្រីជនជាតិខ្មែរឈ្មោះ សាន គឹមឡាង អាយុ ២៧ឆ្នាំ ជាកម្មការិនីរោងចក្រ (GNT ហៅអគារ៣២) នៅព្រៃសរ រាជធានីភ្នំពេញ ស្នាក់នៅបន្ទប់ជួលនៅម្តុំ ព្រៃសរ, រាជធានីភ្នំពេញ។
នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានធ្វើដំណើរមកជាមួយប្ដីឈ្មោះ ស៊ុន រ៉ាយុទ្ធ មកស្រុកកំណើតនៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ស្ត្រីរូបនេះ និងស្វាមី ត្រូវបញ្ជូនមកយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករដ្ឋបាលខេត្ត ដោយសារ សង្ស័យមានជំងឺកូវីដ-១៩ មកពីតំបន់ក្រហម រាជធានីភ្នំពេញ។ នៅវេលាម៉ោង៥:០០ល្ងាចថ្ងៃដដែល ស្ត្រីរូបនេះ បានចេញអាការៈ ក្ដៅខ្លួន ក្អក ហត់ ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័ក បានបញ្ជូនមក សម្រាកនៅមន្ទីរពេទ្យខេត្ត និងបានធ្វើតេស្តរហ័សកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។ ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំងដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយ សង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៦៖០៥នាទី។
ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជាតិខ្មែរ ឈ្មោះ សាន គឹមឡាង អាយុ២៧ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ និងមានផ្ទៃពោះ ៧ខែ យ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ វណ្ណៈ