ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសថៃ​ ចាប់ឃាត់ខ្លួន​អ្នកយកព័ត៌មាន​ ​និង​សកម្មជន​មី​យ៉ាន់​ម៉ា

ចែករំលែក៖

អន្តរជាតិ​​៖ បើ​តាម​សារព័ត៌មានថៃ​ ​និង​ប៉ូលិសថៃ​ ​បាន​ធ្វើ​សេចក្ដី​រាយការណ៍​មួយកាលពី​ថ្ងៃ​អង្គារ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ថា៖​ អ្នកយក​ព័ត៌មាន​៣​នាក់​ និង​សកម្មជន​ ​២​នាក់​របស់​មី​យ៉ាន់​ម៉ា ត្រូវបាន​ប៉ូលិសថៃ​ ចាប់ឃាត់ខ្លួន​ ​បន្ទាប់​ពី​ពួកគេ​លួចឆ្លងដែន​ចូល​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ និង​អាច​ប្រឈម​ការ​​បញ្ជូន​ចេញទៅប្រទេសវិញផងដែរ​។​

​បេីតាមវិទ្យុ​សម្លេង​ប្រជាធិបតេយ្យ​ភូមា​(DVB)​ បាន​ចុះផ្សាយដែរ​ថា អ្នក​ទាំង​៥​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ នៅ​ខេត្ត​ឈាង​ម៉ៃ​ភាគ​ខាងជើង ហើយ​ខ្លួន​អំពាវនាវ​ឲ្យ​​អាជ្ញាធរ​ថៃ​ ​កុំ​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​មី​យ៉ាន់​​ម៉ា​វិញ​។​ មិនតែប៉ុណ្ណោះ​ នាយកវិទ្យុ​ ​DVB​ ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ជីវិត​របស់​គេ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង បើសិនជា​ពួកគេ​វិល​ទៅ​វិញ​»​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល​ បន្តថា​ ពួកគេ​បាន​ភៀសខ្លួន​ចេញពី​ការបង្ក្រាប​របស់​យោធា​នៅ​មី​យ៉ាន់​ម៉ា ចាប់​ពី​រដ្ឋប្រហារ​ថ្ងៃ​០១​កុម្ភៈ ដែល​ក្នុងពេល​បង្ក្រាប​នេះ អ្នកកាសែត​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​។​ ជាក់ស្ដែងក្រោយ​រដ្ឋប្រហាររបបសឹកយោធា​ ​អង្គការ​សារព័ត៌មាន​ជា​ច្រើន​ទៀត​ ​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​នៅ​មី​យ៉ាន់​ម៉ា​។​

​ដោយ​ឡែក​ជុំវិញករណីនេះដែរ​ មេ​ប៉ូលិស​ នៅ​ស្រុក​សាន​សៃ​ ក្នុង​ខេត្ត​ឈៀង​ម៉ៃ​ បានថ្លែង​​ប្រាប់​សារព័ត៌មាន​បរទេស​ថា៖​ ព​ល​រដ្ឋ​មី​យ៉ាន់​ម៉ា​៥​នាក់​ ត្រូវបាន​ចាប់​ខ្លួន​ចំពោះ​ការ​ចូល​ក្នុង​ប្រទេស​ដោយ​ខុសច្បាប់​ ហើយ​នឹង​ត្រូវ​នាំ​ឡើង​តុលាការ​នៅ​ថ្ងៃ​​អង្គារ​ទី១១​ ខែឧសភា​នេះ​។​

មេ​ប៉ូលិស​រូប​នេះ​ បន្ថែម​ទៀត​ថា​ ពួកគេ​អាច​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ចេញ ស្រប​ទៅតាម​ច្បាប់​ ​តែ​ដោយសារតែ​ការផ្ទុះកូ​វីដ​-១៩ ពួកគេ​អាច​នឹង​ត្រូវ​ឃុំខ្លួន​នៅ​ជំរំ​១៤​ថ្ងៃសិន​ មុន​ប្រគល់​ទៅឲ្យ​អាជ្ញាធរ​អន្តោប្រវេសន៍​ ដេីម្បីបន្តនីតិវិធី៕ដោយ​៖ស​ តារា​

រូប​ភាព​៖​ ជនចំណាកស្រុកមីយ៉ាន់ម៉ា ត្រូវប៉ូលិស​ថៃចាប់ខ្លួន


ចែករំលែក៖