ប៉ូលិសនៅរដ្ឋ UttarPradeshបានបើកការស្រាវជ្រាវករណីជួបជុំគ្នាទ្រង់ទ្រាយធំ គឺមានពលរដ្ឋរាប់សិបពាន់នាក់ ចូលរួមក្នុងពិធីដង្ហែសពបព្វជិតអ៊ិស្លាម ក្នុងពេលដែលឥណ្ឌាកំពុងប្រឈមការឆ្លងរាលដាលកូវីដ-១៩កើនឡើងខ្ពស់ ។
តាមសារព័ត៌មាន NDTV របស់ឥណ្ឌា បានផ្សាយថា បព្វជិតអ៊ិស្លាម Abdul Hamid Mohammad Salimul Qadri បានស្លាប់ កាលពីថ្ងៃទី៩ខែឧភា ។ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការស្លាប់ មានពលរដ្ឋរាប់ពាន់នាក់មកពីតំបន់ Badaun ក្នុងរដ្ឋ Uttar Pradesh បាននាំគ្នាទៅចូលរួមពិធីបុណ្យមិនខ្វល់ពីច្បាប់គម្លាតសង្គម ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩អីនោះទេ។
វីដេអូបានបង្ហោះលើបណ្តាញសង្គមបានបង្ហាញឲ្យឃើញថា ពលរដ្ឋដែលចូលរួមពីធីបុណ្យសព មិនគោរពតាមវិធានការទប់ស្កាត់កូវីដ -១៩នោះទេដោយមិនពាក់ម៉ាស់នោះឡើយ។
មន្ត្រីរដ្ឋ Uttar Pradest បង្ហាញក្តីបារម្ភយ៉ាងខ្លាំងថាពិធីបុណ្យសពនោះនឹងក្លាយជាប្រភពចម្លងកូវីដ-១៩ ទ្រង់ទ្រាយធំបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌា ។
លោក Sankalp Sharma មន្ត្រីប៉ូលិស ក្នុងរដ្ឋ Sankalp Sharma បានឱ្យដឹងថា «យើងបានមើលវីដេអូស្តីពីការជួបជុំគ្នាយ៉ាងច្រើន ហើយយើងនឹងប្រមូលព័ត៌មាន ដើម្បីចាត់វិធានការយ៉ាងតឹងតែងចំពោះអ្នកដែលបានបំពានច្បាប់។
គិតមកដល់វេលាម៉ោង ១០ ព្រឹកថ្ងៃទី១១ខែឧសភា ឥណ្ឌារកឃើញករណីឆ្លងកូវីដ-១៩ធ្លាក់ចុះថ្ងៃទីពីរជាប់គ្នា គឺក្នុងពេល២៤ម៉ោងកន្លងមក មានអ្នកឆ្លង៣២៩.៥០០នាក់ និងស្លាប់៣៨៨០នាក់ ៕
ដោយ៖ ធីរីណា(រូបភាព៖ANI)