អន្តរជាតិ៖ បេីយោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលវៀតណាម បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 នៅតំបន់ភាគខាងជើងដែលជាតំបន់បិទខ្ទប់ ចំនួន ២៨ករណីបន្ថែមទៀត បេីគិតចាប់តាំងពីម៉ោង ០៦៖០០នាទីល្ងាចថ្ងៃចន្ទ ដល់ម៉ោង ០៦៖០០នាទីព្រឹកព្រលឹមថ្ងៃអង្គារទី១១ ខែឧសភា ឆ្នាំ២០២១នេះ។ ចំពោះករណីរកឃើញថ្មីនេះ ដែលនាំឲ្យចំនួនសរុបនៅទូទាំងប្រទេសវៀតណាមកើនឡើងដល់ ៣,៤៨៩ករណី។
ជាក់ស្ដែងសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភានេះដែរ បានដកស្រង់ចេញផ្សាយប្រភពព័ត៍មានពីក្រសួងសុខាភិបាលវៀតណាម ដោយបានគូសបញ្ជាក់ថា៖ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន១៣ករណីត្រូវបានរកឃើញនៅខេត្ត បាក នីញ (Bac Ninh) ភាគខាងជើង, ០៧ករណីនៅខេត្ត វិញ ហ្វ៊ុក (Vinh Phuc) ភាគខាងជើង, ០៥ករណីទៀតនៅខេត្ត បាក ហ្គៀង (Bac Giang) ភាគខាងជើង និង ០៣ករណីទៀតនៅខេត្តផ្សេងៗ។ ករណីភាគច្រើន គឺមានជាប់ទាក់ទងជាមួយអ្នកជំងឺ ដែលត្រូវបានរាយការណ៍កាលពីមុន ឬមានជាប់ទាក់ទងជាមួយចង្កោមអ្នកចម្លង នៅតាមមូលដ្ឋាន។
បន្ថែមពីនេះ ក្រសួងសុខាភិបាលវៀតណាម បន្តថា មនុស្សប្រហែល៨៩២,៥០០នាក់ដែលធ្វើការនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 ដែលភាគច្រើនជាបុគ្គលិកសុខាភិបាល បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះរួចរាល់។ គិតត្រឹមម៉ោង០៦៖០០នាទីព្រឹកថ្ងៃអង្គារនេះ ប្រទេសវៀតណាម បានកត់ត្រានូវករណីCOVID-19 សរុបចំនួន ៣,៤៨៩ករណី ក្នុងនោះមានអ្នកស្លាប់៣៥នាក់និងជាសះស្បើយវិញ ២,៦១៨នាក់៕ដោយ៖ស តារា