ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ6A ត្រង់ចំណុចស្ពានទី១១ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ កាន ថូយ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម ។
តាមប្រភពពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5390 និងឃើញរថយន្តដឹកដីមួយគ្រឿងទៀតមិនចាំស្លាកលេខនោះទេ ដែលរថយន្តទាំងពីរគ្រឿងនេះបើកបរតាមបណ្តោយផ្លូវជាតិលេខ6A ក្នុងទិសដៅពីត្បូងទៅជើងដោយប្រើល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ដោយរថយន្តទាំងពីរបើកបរខ្វះការប្រុងប្រយ័ត្ន បានបុកគ្នាពេញទំហឹង បណ្តាលឱ្យរថយន្តកូរ៉េបាក់ស៊ុមដែកខាងក្រោយ និងធ្លាក់ទំនិញទៅលើថ្នល់ត្រូវម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IF-1173 បើកបរដោយបុរសម្នាក់ទន្ទឹមគ្នាជារថយន្តកូរ៉េបើកកិនពីលើទនិញនោះបណ្តាលឱ្យដួលបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ចំណែកអ្នកបើករថយន្តកូរ៉េវិញបានគាបជាប់ក្នុងកាប៊ីនរថយន្តរងរបួសបាក់ជើងម្ខាង រីឯរថយន្តដឹងដីព្យាយាមបើករត់គេចខ្លួនតែត្រូវកម្លាំងសមត្ថកិច្ចឃាត់បានទាំងរថយន្ត ទាំងតៃកុង។
ក្រោយពេលកើត កម្លាំងនគរបាលចរាចរណ៍បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងស្ទួចរថយន្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំពោះសពជនរងគ្រោះ សមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ រ៉ារ៉ា