អន្តរជាតិ៖ ប្រជាជនឥណ្ឌា ព្រោះតែជឿថាអាចការពារជំងឺកូវីដ-១៩ បាន ក៏នាំគ្នាយកលាមក និងទឹកនោមសត្វគោមកងូត និងលាបលើរាងកាយរបស់ពួកគាត់ បេីទោះបីជាក្រុមវេជ្ជបណ្ឌិតជាច្រើននៅក្នុងប្រទេសឥណ្ឌា បាននាំគ្នាធ្វើការព្រមានជាថ្មីម្តងទៀតក៏ដោយ។
ជាក់ស្ដែងនៅក្នុងសេចក្តីព្រមានជាថ្មីរបស់ក្រុមវេជ្ជបណ្ឌិតឥណ្ឌា បានធ្វើឡើងក្នុងអំឡុងពេលដែលប្រទេសឥណ្ឌាកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងនៅទូទាំងប្រទេសរហូតធ្វើឲ្យតាមមន្ទីរពេទ្យត្រូវខ្វះខាតគ្រែ ខ្យល់អ៊ុកស៊ីសែន និងថ្នាំពេទ្យចំនួនផងដែរ ហើយនៅចំពោះមុខស្ថានភាពនេះពលរដ្ឋមួយចំនួនបាននាំគ្នាយកទឹកនោមនិងលាមកសត្វគោមកងូតឬលាបពេលរាងកាយព្រោះតែពួកគេយល់ឃើញថា វិធីនេះអាចជួយបង្កើតប្រព័ន្ធការពាររាងកាយដើម្បីប្រឆាំងទៅនឹងមេរោគជំងឺកូវីដ-១៩ បាន។
ដោយឡែកសកម្មភាពនេះ បានកើតមាននៅក្នុងរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា និងជាទីកន្លែងដែលពលរដ្ឋឥណ្ឌាមានជំនឿទៅលើសាសនាហិណ្ឌូយ៉ាងខ្លាំងផងដែរ។ តាមជំនឿរបស់ក្រុមពលរដ្ឋទាំងនេះគឺពួកគាត់បានចាត់ទុកសត្វគោគឺជាគ្រឿងសក្ការៈបូជាដ៏ស័ក្កសិទ្ធ ដែលអាចជួយនាំសំណាងជាច្រើនចូលមកក្នុងជីវិតរបស់ពួកគាត់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Straits Times ។
ទីភ្នាក់ងារសារព័ត៌មាន Straits Times បន្តថា ក្រុមពលរដ្ឋឥណ្ឌាទាំងនេះបាននាំគ្នាទៅងូតទឹកនោមនិងលាមកសត្វគោជាប្រចាំរៀងរាល់មួយសប្តាហ៍ម្តង ហើយបើទោះជាពេលកន្លងមកមានវេជ្ជបណ្ឌិតជាច្រើនធ្លាប់បានបញ្ជាក់ថា វិធីនេះគ្មានប្រសិទ្ធភាពការពារជំងឺកូវីដ ១៩នោះទេ ក៏ពួកគាត់មិនព្រមស្តាប់តាមដែរ ពោលគឺពួកគាត់នៅតែបន្តធ្វើតាមជំនឿរបស់ពួកគាត់ដដែល៕ដោយ៖សហការី