ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះ​តែ​ជីវភាព​ខ្វះ​ខាត៖​ ស្រ្តី​ម្នាក់​ជិះ​ម៉ូតូ​ដើរ​លក់​ទឹក​សណ្ដែក​​ ពេល​មិន​ស្រួល​ខ្លួន​យកថ្នាំមកលេប​បែរ​ជាសន្លប់បាត់មាត់ឈឹង​ ផ្អើលពលរដ្ឋនាំគ្នាជួយអន្តរគមន៍​ សង្ស័យប្រតិកម្មថ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ​បានកេីតឡេីង​ បន្ទាប់ពី​ស្ត្រី​ម្នាក់​ បានដួល​សន្លប់​បាត់​មាត់​ឈឹង ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ចមូលដ្ឋាន​ ចុះទៅ​ជួយធ្វេីអន្តរគមន៍កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រលប់ ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ ក្បែរ​​អតីត​ក្លឹ​ប​កំសាន្ត រ៉ុ​ក តាម​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពី​អ្នក​លក់ដូរ​តាម​ម៉ូតូ​រ៉ឺ​ម៉ក​ ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ បានឲ្យដឹងថា​ ស្រ្តី​រូបនេះមានឈ្មោះ ញន រចនា អាយុ​៣៣​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​កន្លែងធ្វើការ មានស្រុក​កំណើត ភូមិ​ច្រក​ម្រាក ឃុំ​អង្គ​ប្រ​ស្រែ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​ ព្រោះ​តែ​ជីវភាព​ខ្វះ​ខាត​ប្រចាំថ្ងៃ​ ព្រមទាំង​ខ្លួន​មាន​ជំងឺ​បេះដូង​ប្រចាំ​កាយផងនោះ​ គាត់បានជិះ​ម៉ូតូមួយគ្រឿង​ម៉ាក​ហុងដា​វ៉ែ​វ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង 1N 6795 ដោយ​ដឹក​ធុង​លក់​ទឹក​សណ្ដែក​តាម​ម៉ូតូ​យកមកលក់នៅពេលយប់ក្រោយពីធ្វេីការងារចប់ពីសន្តិសុខ។ ខណៈ​នៅ​ពេល​ជំងឺ​ធ្វើទុក្ខ ស្ត្រី​រូប​នេះ​ក៏​បាន​លេបថ្នាំ​ដោយ​មិន​បាន​ហូប​អាហារ​នោះ​ទេ ស្រាប់តែ​ដួល​សន្លប់​បាត់​មាត់​បាត់​ក​តែ​ម្តង។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ដល់​ចំណុច​កើតហេតុ ស្ត្រី​រូប​នេះ​ក៏​បាន​អែម​ម៉ូតូ​ទៅ​កៀន​ផ្លូវ រួច​អង្គុយ​ចុះ ហើយ​ពេល​នោះ​ដោយ​ឃើញ​មាន​អាកា​រៈ​មិន​ស្រួល អ្នក​លក់ដូរ​ដូច​គ្នា​ក៏​បាន​សួរនាំ ពី​ចម្ងាយ ស្រាប់តែ​ស្ត្រី​រង​គ្រោះ​បាន​និយាយ​ថា «​គាត់​មាន​ជំងឺ​បេះដូង ហើយ​គាត់​លេបថ្នាំ ដោយ​មិន​បាន​ហូប​បាយ ឬ​ចំណី​អ្វី​ទេ​» លុះ​ពេល​ទើប​និយាយ​រួច ក៏​ស្រាប់តែ​ដួល​សន្លប់​បាត់​មាត់​បាត់​.​ក​តែ​ម្តង។

ប្រភព​ដដែល​បន្ត​ថា លុះ​បន្តិច​ក្រោយមក ក៏​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​សួរនាំ​ពី​ចម្ងាយ ដោយ​មិន​ហ៊ាន​នាំ​គ្នា​ចូល​ទៅ​ជិត​ទេ ព្រមទាំង​ធ្វើការ​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ តែ​មិនឃើញ​មាន​រថយន្ត​ណាមួយ​មក​ទទួល​នោះ​ទេ ។ ចំណែក​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ក៏​មិន​ហ៊ាន​ចូល​ជិត​ដែរ ដោយសារ​តែ​ខ្លាច​ស្ត្រី​រង​គ្រោះ​រូប​នេះ មាន​ជំងឺ​កូ​វី​ដ​១៩ គឺ​បាន​ត្រឹមតែ​នាំ​គ្នា​ជួយ​បាញ់​ទឹក​អាល់កុល និង​យក​ឈើ​មក​ឆ្កឹះ​ដាស់​ស្ត្រី​រង​គ្រោះ​តែ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ចាំ​រថយន្ត​សង្គ្រោះ​យូរ​ពេក​មិនឃើញ​មក សមត្ថកិច្ច​ក៏​បាន​យក​ឈើ​ឆ្កឹះ​ចុះ​ឆ្កឹះ​ឡើង និង​ស្រែក​ហៅ​ស្ត្រី​រង​គ្រោះ ក៏​បានដឹង​ខ្លួន​វិញ ហើយ​ងើប​អង្គុយ​ទាំង​ទឹកមុខ​ស្រងូតស្រងាត់ និង​បាន​និយាយ​ថា គាត់​បាន​ចេញពី​លក់​ទឹក​សណ្ដែក​នៅ​ម្តុំ​ផ្សារ​ថ្មី ក្នុង​គោលបំណង​ទៅ​យាមកាម​រោងចក្រ នៅ​ម្តុំ​ចាក់​អង្រែ ខណ្ឌមានជ័យ បន្ត​ទៀត តែ​ដោយសារ​គាត់​មាន​ជំងឺ​បេះដូង​ធ្វើទុក្ខ ក៏​យក​ថ្នាំ​មក​លេប​ទាំង​មិន​បាន​ញ៉ាំ​អាហារ ហើយ​ណាមួយ​រូប​គាត់ មិន​បាន​សម្រាក​គ្រប់គ្រាន់​ផង​នោះ ទើប​ធ្វើ​ឱ្យ​អត់​មាន​កម្លាំង ទប់​ជាមួយនឹង​ថ្នាំ​មិន​បាន ក៏​ដួល​សន្លប់​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​ដឹង​ខ្លួន​ឡើង​វិញ​ ស្ត្រី​រង​គ្រោះ​បាន​អង្គុយ​ឲ្យ​មាន​កម្លាំង​បន្តិច រួច​ហើយ​ក៏​បន្ត​ជិះ​ម៉ូតូ​ទៅ​មុខ​ទៀត ដើម្បី​ទៅ​កន្លែងធ្វើការ​របស់​ខ្លួន​ជា​បន្ត​ទៀត៕ដោយ​ ៖ សហការី​


ចែករំលែក៖