ព័ត៌មានទាន់ហេតុការណ៍៖

អង្កការក្រៅរដ្ឋាភិបាលចូលរួមចំណែកក្នុងការងារមនុស្សធម៌ជាមួយរដ្ឋបាលខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ ៖  ស្របពេលដែលជំងឺឆ្លងកូវីដ-១៩ កំពុងគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស មានអង្កការក្រៅរដ្ឋាភិបាលនិងសប្បុរសជននានាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារមនុស្សធម៌ដើម្បីជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងសម្ភារដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជាប់ធ្វើចក្តាឡីស័ក ។

   ចំពោះរដ្ឋបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា របស់អង្កការផ្កាយសមុទ្រ ដែលដឹកនាំដោយលោកស្រីជួប វិច្ឆិកា  នាយិកាអង្កការ  យកទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងកំពុងធ្វើចក្តាឡីស័កចំនួន១២៥គ្រួសារ នៅក្នុងសង្កាត់ច្បារអំពៅទី២  ខណ្ឌច្បារអំពៅ ។

    ថ្លែងសំណេះសំណាលនៅក្នុងពិធីនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋដែលជួបបញ្ហាកង្វះខាតក្នុងជីវភាពនេះដែរ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានសុំឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ បន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ខណៈនៅរាជធានី ពិសេសមូលដ្ឋានសង្កាត់ច្បារអំពៅទី២ តំបន់យឿត្រី បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ និងមានអ្នកស្លាប់ដោយសារជំងឺនេះផងដែរដូច្នេះដើម្បីការពារកុំឱ្យជំងឺនេះ បន្តឆ្លងក្នុងសហគមន៍ទៀត មានតែយើងទាំងអស់គ្នា ចូលរួមអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់កុំឱ្យមូលដ្ឋានយើងមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍យើង ។

    ក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលសម្ដេចតែងបានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាពមួយបញ្ជាក់ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះ ដោយមិនប្រកាន់ពណ៌សម្បុរឬសាសនា និងនិន្នាការនយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច ។

     ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់លោក​អភិបាល​រាជធានី​ដល់បងប្អូនកំពុងធ្វើចត្តាឡីស័ក ដែលជាអ្នករងផលប៉ះពាល់ នៃព្រឹត្តិការណ៍សហគម​ន៍ ​២០ កុម្ភៈ និង​សូមអោយបងប្អូន​រក្សា​អនាម័យ​ខ្លួនប្រាណ ពាក់ម៉ាស់អោយបានត្រឹមត្រូវ លាងសម្អាតដៃ​អោយបានញឹកញា​ប់ រក្សាគម្លាតឱ្យបានឆ្ងាយពីគ្នា មុនប្រើប្រាស់របស់អ្វីមួយ ត្រូវតែលាងសម្អាត​ឱ្យបានស្អាតល្អ  បាញ់អាល់កុល ​និងត្រូវទៅទទួលការចាក់​វ៉ាក់សាំង​ឱ្យបានទាន់ពេលវេលា ។ លោកអភិបាលខណ្ឌបានទទូចសុំកុំអោយមានការជួបជុំគ្នាជាទ្រង់ទ្រាយធំណាមួយ រូមទាំងពិធីសាសនានានាផងដែរ ដើម្បីទប់ស្កាត់នូវការចម្លង ឬការរីករាលដាលនៃជំងឺប្រភេទថ្មីៗ នៅក្នុងប្រទេសកម្ពុជា ដូចដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាកដាលនៃជំងឺកូវីដ-១៩នេះ ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

    ដោយឡែកលោកស្រី ជួប វិច្ឆិកា នាយិកាអង្កការផ្កាយសមុទ្រ បានបញ្ជាក់ថា អំណោយរបស់អង្កការផ្កាយសមុទ្រ រួមមាន ៖ អង្ករ ២០គីឡូក្រាម ត្រីខ ទឹកស៊ីអ៉ីវ ពងទា ឆៃប៉ូវ ម៉ាស់ និងសាប៊ូ ព្រមទាំងថវិកា ៤ម៉ឺនរៀលផងដែរសម្រាប់មួយគ្រួសារ៕

ដោយ៖សណ្តោស


ចែករំលែក៖