ខេត្តបាត់ដំបង ៖ លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានប្រាប់ឲ្យដឹងថា ក្រោយពីកម្លាំងចម្រុះដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនបានឃាត់ខ្លួនពលករ សរុបចំនួន ១៩នាក់មកសាកសួរ និងស្រាវជ្រាវទើបបែកធ្លាយដឹងថាក្នុងចំណោមពលករខ្មែរទាំង ១៩នាក់ខាងលើក៏មានមេខ្យល់ចំនួន ២នាក់ផងដែរ ដែលឃាត់ខ្លួនកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ ត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ពលករខ្មែរដែលមានបំណងឆ្លងដែនចូលក្នុងទឹកដីថៃនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនរួចបំពេញបែបបទបញ្ជូនទៅឲ្យធ្វើចត្តាឡីស័ក។
ចំណែកឯជនសង្ស័យជាមេខ្យល់មានឈ្មោះផូ ផាត ហៅតៃ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅក្នុងភូមិសាមគ្គី ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះសា ផាត ភេទស្រី អាយុ ៦៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អ្នកទាំង ២នាក់ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់លាសាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ ស សារ៉េត