ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យអនិច្ចាណាស់! កម្មករផ្សារដែកម្នាក់បានរំកិលរន្ទាប៉ះចំខ្សែភ្លើងដាច់រលាត់ឆ្លងចរន្តឆក់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិខណៈដែលកម្មករផ្សារដែកម្នាក់បានរំកិលរន្ទាប៉ះចំខ្សែភ្លើងដាច់រលត់សំបកឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១នៅភូមិ ប្រសូតិទី១ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ចបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះខឹម រើន អាយុ២៦ឆ្នាំ មានមុខរបរជាកម្មករផ្សារដែក រស់នៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ប្រភពបន្តថា មានប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាល កណ្តៀងរាយថាមានបុរសជាជាងផ្សារដែកម្នាក់កំពុងប្រក់ស័ង្កសីសំយាបខាងមុខផ្ទះរបស់ឈ្មោះ នៅ សុធារី ភេទស្រី អាយុ៤០ឆ្នាំរស់នៅភូមិប្រសូតិទី១ ឃុំ កណ្តៀងរាយ ខេត្តស្វាយរៀង ត្រូវបានខ្សែភ្លើងឆក់ស្លាប់។

ប្រភពបានបន្តទៀតថា ក្រោយមកសមត្ថកិច្ចបានមកដល់និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសលជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖