ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតថ្វាយព្រះពរ របស់ សម្តេចតេជោ ហ៊ុន សែន ក្រាបបង្គំថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់៦៨ព្រះវស្សា យាងចូល ៦៩ព្រះវស្សា

ចែករំលែក៖

ភ្នំពេញ៖ សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមវិសេសវិសាល ប្រកបដោយក្តីសោមនស្សរីករាយបំផុតនៃព្រះរាជ ពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់៦៨ព្រះវស្សា យាងចូល៦៩ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព. ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ទូលព្រះបង្គំជាខ្ញុំ តាងនាម រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ព្រមទាំង ភរិយា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញុតាធម៌ និងកតវទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយព្រះគុណធម៌ និង ព្រះមនុស្សធម៌របស់ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រ ក៏ដូចជាព្រះរាជកិច្ចការបរទេសរបស់ព្រះអង្គ ដែលបានរួមចំណែកយ៉ាងវិសេសវិសាលក្នុងការលើកកម្ពស់កិត្យានុភាព ជាតិ និងជំរុញការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច សិក្សាធិការ សិល្បៈវប្បធម៌ សាសនា និងសង្គម ហើយជាពិសេសព្រះអង្គ ទ្រង់តែងសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ ជួយដល់វិស័យ មនុស្សធម៌ និងសុខុមាលភាពសង្គម ព្រមទាំងជួយសង្គ្រោះអាយុជីវិតប្រជារាស្ត្រពីជំងឺកូវីដ-១៩ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជារាស្ត្រនារយៈកាលកន្លងមក។

ឆ្លៀតក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លានេះផងដែរ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាប្រាង្គ ប្រាសាទអង្គរ ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព្រះនាមមណ្ឌាទេវី និងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណា ថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះ ត្រចង់ ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគា ព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ និងជាព្រះម្លប់ដ៏ត្រជាក់ត្រជំុថ្កុំថ្កើងរុងរឿងនៃមាតុភូមិអង្គរជាទីស្នេហា និងប្រជារាស្ត្ររបស់ព្រះអង្គតរៀងទៅ និងព្រះពុទ្ធពរដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួល នូវអភិវន្ទនកិច្ចដ៏ស្មោះស្ម័គ្របំផុត ពីទូលព្រះបង្គំជាខ្ញុំនិងភរិយា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖