ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តព្រះសីហនុ ដាក់ចេញវិធានការ ស្តីពីការអនុវត្តច្បាប់ចំពោះបុគ្គលដែលបានគេចវេះចេញពីការធ្វើចត្តាឡីស័កនៅខេត្តព្រះសីហនុ បន្ទាប់ពីកម្មករម្នាក់រត់ទៅខេត្តកែប

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូន លោកអភិបាល នៃគណៈ អភិបាលខេត្តកែប មេត្តាជ្រាបថា៖ រោងចក្រដាប់ប៊លយូអ៊ី ស៊ី មេនូហ្វេកធើរីង មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ មានករណីឆ្លងជំងឺកូវីដ-១៩ ដល់កម្មករ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុចេញសេចក្តីជូន ដំណឹងផ្អាកជាបណ្ដោះអាសន្នដំណើរការអាជីវកម្មដើម្បីឱ្យបុគ្គលិក កម្មករ និយោជិតក្នុងរោងចក្រយកសំណាកទៅ វិភាគរកមេរោគកូវីដ-១៩ និងបានណែនាំឱ្យធ្វើចត្តាឡីស័កនៅតាមលំនៅឋាន។ ប៉ុន្តែក្នុងអំឡុងពេលនេះ រដ្ឋបាលខេត្ត ព្រះសីហនុបានទទួលព័ត៌មានថាមានកម្មករ ០១នាក់ នៃរោងចក្រខាងលើឈ្មោះ ហំ សុវណ្ណៈ ភេទប្រុស កើតនៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០០០ កាន់អត្តសញ្ញាណប័ណ្ណលេខ 120046085 មានអាសយដ្ឋានភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្ត កែប បានលួចគេចវេះចេញពីការធ្វើចត្តាឡីស័កនៅលំនៅឋានក្នុងខេត្តព្រះសីហនុ ហើយធ្វើដំណើរទៅខេត្តកែប។ ទង្វើរបស់ បុគ្គលខាងលើនេះ គឺជាអំពើដោយចេតនាមិនគោរពមាត្រាទី៧ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអភិបាល នៃគណៈអភិបាលខេត្តកែប មេត្តាចាត់វិធាន ការច្បាប់ចំពោះបុគ្គលល្មើសខាងលើឱ្យបានតឹងរ៉ឹងបំផុត៕

ដោយ ៖ សិលា


ចែករំលែក៖