ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមតារាចម្រៀង Rock លោក J.Yoon ត្រូវគេប្រទះឃើញស្លាប់ក្នុងផ្ទះ​ ក្នុង​វ័យ​ ៣៩ឆ្នាំ​

ចែករំលែក៖

អន្តរជាតិ​៖ សមាជិកក្រុមចម្រៀង Rock «M.C the Max» លោក J.Yoon ដែលលេចធ្លោរប្រចាំប្រទេសកូរ៉េ ត្រូវបានរាយការណ៍មកថា បានស្លាប់ក្នុងគេហដ្ឋានរបស់លោក ខណៈបច្ចុប្បន្នគេមិនទាន់ដឹងមូលហេតុ នៃការស្លាប់របស់លោកឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

ជាក់ស្ដែង​ពាក់ព័ន្ធនឹងការស្លាប់ របស់លោក ត្រូវបានផលិតកម្ម 325 E&C ដែលជាក្រុមការងារ បានឲ្យដឹងថា ដោយសារពួកគេបានទំនាក់ទំនងទៅតារាប្រុសរូបនេះ និងគ្មានការឆ្លើយតប ទើបរាយការណ៍ទៅប៉ូលីសទីក្រុងសេអ៊ូលភ្លាមៗ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។​ តារាចម្រៀងវ័យ៣៩ឆ្នាំ លោក​ J.Yoon បានចូលក្នុងក្រុមចម្រៀង Rock «M.C the Max» តាំងពីឆ្នាំ២០០០មកម្ល៉េះ។

បន្ទាប់ពីទទួលដំណឹងមកថា លោក J.Yoon បានស្លាប់ក្នុងផ្ទះ ក្រុមការងារក៏ចេញសេចក្តីប្រកាសជាផ្លូវការ ទៅកាន់សមាជិកក្រុម និងអ្នកគាំទ្រ ឲ្យ​ដឹង​នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដែរ។ យ៉ាណាមិញ ជុំវិញករណីស្លាប់របស់តារាចម្រៀងកូរ៉េរូបនេះ ប៉ូលីសនៅមិនទាន់អាចកំណត់មូលហេតុនៅឡើយទេ។

សូុមជម្រាបថា​​ ក្រុមចម្រៀង Rock «M.C the Max» បានចាប់ផ្តើមឡើងក្នុងឆ្នាំ២០០០ ដែលមានលោក J.Yoon ជាសមាជិកក្រុមម្នាក់ផងដែរ។​ ចំណែក​ក្រុមនេះ បានវិវត្តន៍ទៅជាក្រុមបុរសដ៏មានឥទ្ធិពល ខណៈបទចម្រៀងរបស់នេះ កាន់តែល្បីល្បាញ តាមរយៈការយកទៅចាក់ក្នុងភាពយន្តកូរ៉េ ដូចជារឿងកាលពីឆ្នាំ ២០១៤ រឿង «It’s Okay», រឿង «That ’s Love», រឿង «Descendants of the sun» ជាដើម៕ដោយ​៖សហការី​

រូបថត​៖Hankyung


ចែករំលែក៖