ខេត្តរតនគិរី៖ ដោយក្តីអាណិតអាសូរជាពន់ពេកនោះ នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ចុះសួរសុខទុក្ខកុមារី ស.ធ.ត អាយុ ១៤ឆ្នាំ ដែលរងគ្រោះដោយការរំលោភសេពសន្ថវៈ និងប៉ុនប៉ងសម្លាប់ដោយអារក ធ្វេីឱ្យបាត់បង់បំពង់សំឡេងអស់មួយជីវិត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។
ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ និងក្តីអាណិតអាសូរជាពន់ពេកចំពោះកុមារីរងគ្រោះ ដែលបានជួបរឿងអកុសលនេះ។ ជាមួយគ្នានេះ លោក ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះអាយុជីវិតរបស់ក្មួយស្រីបានទាន់ពេលវេលា ហេីយថ្វីត្បិតតែក្មួយស្រីស្ថិតក្នុងស្ថានភាពធូរស្បើយបន្តិចក៏ពិតមែន តែសូមក្រុមគ្រូពេទ្យ ក៏ដូចជាអាណាព្យាបាល សូមបន្តយកចិត្តទុកដាក់មើលថែក្មួយស្រីឱ្យបានល្អបន្តទៀត។
ចំពោះករណីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវចំពោះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមផ្តន្ទាទោសជនល្មេីសឱ្យបានធ្ងន់ធ្ងរបំផុត ដេីម្បីឱ្យស័ក្តិសមទៅនឹងការឈឺចាប់របស់ជនរងគ្រោះ។
ដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភជូនដល់គ្រួសារកុមារីរងគ្រោះនូវ អង្ករ ៥០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកដោះគោឆៅ២យួរ, ទឹកពិសា ១កេស, និងថវិកាចំនួន ៥លានរៀល។
សូមបញ្ជាក់ថា ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងកាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងចំការក្រុមហ៊ុនហ័ងអាញ ត្រង់ចំណុចការដ្ឋានទី០៣ ស្ថិតនៅភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី៕
ដោយ ៖ សិលា