ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ ក្នុងប្រទេសជប៉ុនបានកើនឡើងខ្ពស់នៅក្នុងទីក្រុងតូក្យូនិងបណ្តាខេត្ត ធ្វើឲ្យពលរដ្ឋជប៉ុនស្នើឲ្យផ្អាកការប្រកួតអូឡាំពិកនៅក្នុងទីក្រុងតូក្យូ។
គិតត្រឹមថ្ងៃទី១៤ខែឧសភាមានពលរដ្ឋនៅទីក្រុងតូក្យូដល់ទៅ ៣៥០ពាន់នាក់បានចុះហត្ថលេខាលើលិខិតផ្ញើទៅកាន់អភិបាលក្រុង លោក Yuriko Koike ស្នើឲ្យផ្អាកការប្រកួតកីឡាអូឡាំពិក។ ពលរដ្ឋនៅក្នុងទីក្រុងតូក្យូបានលើកឡើងថា ប្រាក់ចំណាយសម្រាប់ការប្រកួតកីឡា គួរតែយកមកទប់ស្កាត់កូវីដ-១៩វិញ។
យុទ្ធនាការដែលមានឈ្មោះថា«ផ្អាកជាបន្ទាន់ការប្រកួតកីឡាអូឡាំពិក» បានប្រមូលហត្ថលេខារបស់ពលរដ្ឋដល់ទៅ៣៥០ពាន់នាក់ ក្នុងរយៈពេលពីដើមខែឧសភាមកទល់ពលនេះ។ មកទល់ពលេនះជប៉ុនមានពលរដ្ឋចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ បានត្រឹមតែ ២ភាគរយប៉ុណ្ណោះ ។ នៅថ្ងៃទី១៤ខែឧសភា ជប៉ុនមានករណីឆ្លងកូវីដ-១៩ កើនឡើង ៦៨០០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើង ដល់ជាង ៦៦៥ពាន់នាក់ និងស្លាប់១១២៥៥នាក់។
កាលពីថ្ងៃទី១៤ខែឧសភា រដ្ឋាភិបាលជប៉ុនបានប្រកាសអាសន្ន នៅទីក្រុង ហុកកៃដូ ហុីរ៉ូស៊ីម៉ា និងអូគីណាវ៉ា ។
ចំណែកនៅទីក្រុងតូក្យូ និងអូសាកា ត្រូវបានដាក់ក្នុងស្ថានភាពអាសន្ន រហូតដល់ថ្ងៃទី៣១ខែឧសភា ។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Yoshihide Suga បានសន្យាថានឹងរៀបចំការប្រកួតអូឡាំពិកប្រកបដោយសន្តិភាព សុវត្ថិភាព៕
ដោយ៖ធីរីណា(រូបភាព៖ nId)