ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ ៖ មូលហេតុ ដែលអុីស្រាអែលនិងប៉ាឡេស្ទីនផ្ទុះសង្គ្រាមនឹងគ្នា មិនចេះចប់

ចែករំលែក៖

សង្គ្រាមវាយប្រហារគ្នារវាងអុីស្រាអែល និងប៉ាឡេស្ទីន បានកើតឡើងជាច្រើនលើកនាពេលកន្លងមក បើទោះបីអង្គការសហប្រជាជាតិ ខិតខំស្វែងរកសន្តិភាព តែមិនទទួលបានជោគជ័យ ។ ចាប់តាំងពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២១ មកទល់ពេលនេះអុីស្រាអែលនិងប៉ាឡេស្ទីនបានវាយប្រហារគ្នា ដោយមីស៊ីលរាប់ពាន់ដើមបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។ មូលហេតុឈានដល់ការវាយប្រហារគ្នា គឺដោយសារតែអំពើហិង្សារវាងកម្លាំងប៉ូលិសអុីស្រាអែលនិងក្រុមបាតុករប៉ាឡេស្ទីន នៅជេរ៉ូសាឡឹមស្ថិតក្រោមការគ្រប់គ្រងរបស់អុីស្រាអែល។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅព្រឹកថ្ងៃទី ១៦ខែឧសភា អុីស្រាអែលបានវាយប្រហារទម្លាក់គ្រាប់បែក ទៅលើផ្ទះមេដឹកនាំក្រុមហាម៉ាស់នៅហ្គាហ្សា ។ ជាមួយគ្នានេះដែរក្រុមហាម៉ាស ក៏បានបើកការវាយប្រហារ ទៅលើទីតាំងក្នុងរដ្ឋធានី Tel Aviv ។ សង្គ្រាមវាយប្រហារគ្នារវាងប្រទេសទាំងពីរឈានចូលថ្ងៃទី ៧ហើយ។ មកទល់ពេលនេះសង្គ្រាមវាយប្រហារគ្នាបណ្តាលឲ្យមានអ្នកស្លាប់កើនឡើង១៤៩នាក់ នៅហ្គាហ្សា និងរបួសជាង ១ពាន់នាក់ ក្នុងចំណោមអ្នកស្លាប់មានកុមារ ៤១ នាក់។
សង្គ្រាមវាយប្រហារគ្នាចាប់ផ្តើមឡើង ក្រោយអុីស្រាអែលបានបណ្តេញក្រុមជនជាតិប៉ាឡេស្ទីនចេញពីតំបន់ដែលខ្លួនរស់នៅតាំងពីយូរលុងណាស់មកហើយ នៅតំបន់ជេរ៉ូសាឡឹមដើម្បីយកទីកន្លែង ឲ្យពលរដ្ឋអុីស្រាអែលរស់នៅវិញ។ ទាំងនោះហើយបានធ្វើឲ្យពលរដ្ឋប៉ាឡេស្ទីនខឹងយ៉ាងខ្លាំង ដោយមិនអាចស៊ូទ្រាំនិងទង្វើរបស់អុីស្រាអែលមកលើដីកេរដូនតារបស់ខ្លួន។
អំពីប្រវត្តិសាស្ត្រឯករាជ្យនិងការធ្វើសង្គ្រាម ក្នុងការបង្កើតទឹកដី

អុីស្រាអែល នៅឆ្នាំ១៩៤៨ សង្រ្គាមបានកើតមានឡើងជាច្រើនលើក រវាងអុីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ ដែលប្រឆាំងនឹងការបែងចែកទឹកដីប៉ាឡេស្ទីនជាពីររដ្ឋ គឺរដ្ឋអុីស្រាអែល សម្រាប់ក្រុមជនជាតិជ្វីហ្វ និងរដ្ឋប៉ាឡេស្ទីន សម្រាប់ក្រុមជនជាតិអារ៉ាប់ ទៅតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
សង្រ្គាមលើកទី១ ដែលអុីស្រាអែលហៅថា “សង្រ្គាមឯករាជ្យ” បានកើតមានឡើងនៅឆ្នាំ១៩៤៨ មួយថ្ងៃក្រោយពីអុីស្រាអែលប្រកាសបង្កើតរដ្ឋឯករាជ្យ ដោយនៅពេលនោះ កងទ័ពអារ៉ាប់មកពីប្រទេសអេហ្ស៊ីប ហ្សកដានី លីបង់ ស៊ីរី និងអុីរ៉ាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធរបស់ប៉ាឡេស្ទីន បានរួមដៃគ្នាបើកការវាយប្រហារទៅលើអុីស្រាអែល។ នៅក្នុងសង្រ្គាមនេះ អុីស្រាអែលថ្វីដ្បិតតែមានតែម្នាក់ឯង ក៏ប៉ុន្តែ មានកម្លាំងទ័ពខ្លាំងជាងប្រទេសអារ៉ាប់ ហើយក្រោយពីបានវាយប្រយុទ្ធគ្នាអស់រយៈពេលជាង ៩ខែ បណ្តាប្រទេសអារ៉ាប់ក៏សុខចិត្តចុះចាញ់ ហើយចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម នៅឆ្នាំ១៩៤៩។ កិច្ចព្រមព្រៀងនេះបានកំណត់នូវព្រំដែនបណ្តោះអាសន្នមួយ ដែលក្រោយមកត្រូវបានអ.ស.បទទួលស្គាល់ជាព្រំដែនស្របច្បាប់របស់រដ្ឋអុីស្រាអែល។ ខ្សែបន្ទាត់ព្រំដែននេះ ដែលគេតែងតែហៅថា “បន្ទាត់បៃតង” (Green Line) បានកាត់យកទឹកដីប៉ាឡេស្ទីនជាច្រើន។

តាំងពីពេលនោះមក អុីស្រាអែលពង្រីកទឹកដីបានកាន់តែធំលើសពីអ្វីដែលបានកំណត់នៅក្នុងសេចក្តីសម្រេចរបស់អ.ស.ប កាលពីឆ្នាំ១៩៤៧ទៅទៀត។
សម្រាប់ប៉ាឡេស្ទីនវិញ រដ្ឋឯករាជ្យក៏មិនអាចបង្កើតឡើងបាន ដោយទឹកដីមួយផ្នែកត្រូវអុីស្រាអែលកាត់យក ចំណែកឯទឹកដីដែលនៅសេសសល់ត្រូវស្ថិតក្រោមការកាន់កាប់របស់ប្រទេសអារ៉ាប់គ្នាឯង គឺតំបន់ហ្កាហ្សាស្ថិតក្រោមការកាន់កាប់របស់អេហ្ស៊ីប ចំណែកតំបន់ West Bank ឬ Cisjordanie ត្រូវស្ថិតក្រោមការកាន់កាប់របស់ហ្សកដានី។ ប្រជាជនប៉ាឡេស្ទីនជាង ៧០ម៉ឺននាក់ ដែលរត់ភៀសខ្លួនក្នុងអំឡុងសង្រ្គាម ក៏មិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយស្រុកភូមិរបស់ពួកគេត្រូវក្លាយជាទឹកដីអុីស្រាអែល។
នៅឆ្នាំ១៩៥៦ (៧ឆ្នាំក្រោយពីសង្រ្គាមទី១ត្រូវបញ្ចប់) សង្រ្គាម រវាងអុីស្រាអែល និងប្រទេសអារ៉ាប់បានផ្ទុះឡើងសាជាថ្មីម្តងទៀត គឺសង្រ្គាមទល់នឹងអេហ្ស៊ីប ក៏ប៉ុន្តែ លើកនេះ គឺអុីស្រាអែល ដែលបានចូលដៃជាមួយបារាំង និងអង់គ្លេស ចូលឈ្លានពានទឹកដីអេហ្ស៊ីប នៅក្នុងវិបត្តិព្រែកជីកស៊ុយអេ (Suez)។

នៅក្នុងសង្រ្គាមនេះ បើនិយាយខាងផ្នែកយោធា អុីស្រាអែល អង់គ្លេស និងបារាំង គឺជាអ្នកទទួលជោគជ័យ ដោយអាចវាយដណ្តើមកាន់កាប់ទីតាំងសំខាន់ៗរបស់អេហ្ស៊ីប ជាពិសេស អុីស្រាអែលបានវាយដណ្តើមកាន់កាប់តំបន់ស៊ីណៃ។ ក៏ប៉ុន្តែ ខាងផ្នែកនយោបាយ និងការទូតវិញ ប្រទេសទាំង ៣នេះត្រូវទទួលរងនូវការរិះគន់ពីគ្រប់ទិសទី។
នៅខែឧសភា ឆ្នាំ១៩៦៧ នៅក្នុងពេលដែលទំនាក់ទំនង រវាងអុីស្រាអែល និងប្រទេសអារ៉ាប់ជិតខាងកំពុងតែស្ថិតក្នុងសភាពតានតឹងខ្លាំងស្រាប់ អេហ្ស៊ីបបានទទួលព័ត៌មានខុសពីទីភ្នាក់ងារចារកិច្ចសូវៀតថា អុីស្រាអែលកំពុងប្រមូលកម្លាំងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្បែរព្រំដែនស៊ីរី។ អេហ្ស៊ីប ដែលបានចុះសន្ធិសញ្ញាការពារជាតិជាមួយស៊ីរី ក៏បានប្រមូលកម្លាំងទ័ពឲ្យចូលមកក្បែរព្រំដែនអុីស្រាអែល ព្រមទាំងបានបណ្តេញកងកម្លាំងមួកខៀវរបស់អ.ស.បឲ្យចេញពីតំបន់ស៊ីណៃ និងហ្កាហ្សា។

នៅថ្ងៃទី៥ ខែមិថុនា សង្រ្គាមក៏បានផ្ទុះឡើង រវាងម្ខាងអុីស្រាអែល និងម្ខាងទៀត អេហ្ស៊ីប ស៊ីរី និងហ្សកដានី។ សង្រ្គាមអុីស្រាអែល-អារ៉ាប់ លើកទី៣នេះមានរយៈពេលតែ ៦ថ្ងៃប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជាគេច្រើនហៅថា “សង្រ្គាម៦ថ្ងៃ”។ ជាថ្មីម្តងទៀត គឺអុីស្រាអែលជាអ្នកទទួលជោគជ័យ ដោយបានវាយដណ្តើមកាន់កាប់ទឹកដីហ្កាហ្សា និង West Bankរបស់ប៉ាឡេស្ទីន តំបន់ស៊ីណៃរបស់អេហ្ស៊ីប និងតំបន់ខ្ពង់រាប Golan របស់ស៊ីរី។ និយាយជារួម អុីស្រាអែលបានពង្រីកទឹកដីរបស់ខ្លួនមួយជាបី។ ក៏ប៉ុន្តែ ទឹកដីដែលអុីស្រាអែលទើបនឹងដណ្តើមកាន់កាប់ថ្មីនេះ មិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិនោះទេ។

នៅថ្ងៃទី២២ វិច្ឆិកា ១៩៦៧ ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានចេញសេចក្តីសម្រេចមួយ (សេចក្តីសម្រេចលេខ ២៤២) ទាមទារឲ្យអុីស្រាអែលដកថយចេញពីដែនដី ដែលខ្លួនទើបនឹងដណ្តើមកាន់កាប់ ក្នុងសង្រ្គាម ៦ថ្ងៃ ដោយវិលត្រឡប់ទៅរកបន្ទាត់ព្រំដែនចាស់ (បន្ទាត់បៃតង) ដែលកំណត់ដោយកិច្ចព្រមព្រៀងកាលពីឆ្នាំ១៩៤៩។ ជាថ្នូរមកវិញ ប្រទេសអារ៉ាប់ដែលជាប់ជម្លោះត្រូវចុះសន្ធិសញ្ញាសន្តិភាពជាមួយនឹងអុីស្រាអែល។

លើកលែងតែប្រទេសស៊ីរីមួយចេញ ប្រទេសជាប់ជម្លោះទាំងអស់ ដោយរួមទាំងអុីស្រាអែលផង សុទ្ធតែសុខចិត្តទទួលយកសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ ក៏ប៉ុន្តែ ការបកស្រាយផ្សេងគ្នាបានធ្វើឲ្យការអនុវត្តសេចក្តីសម្រេចនេះត្រូវជាប់គាំង ដោយប្រទេសអារ៉ាប់ទាមទារឲ្យអុីស្រាអែលដកទ័ពចេញពីទឹកដីរបស់គេជាមុន ទើបសុខចិត្តបើកការចរចាលើសន្ធិសញ្ញាសន្តិភាព ចំណែកអុីស្រាអែលវិញទាមទារឲ្យប្រទេសអារ៉ាប់ទទួលស្គាល់រដ្ឋអុីស្រាអែល និងចុះសន្ធិសញ្ញាសន្តិភាពជាមួយគ្នាជាមុន ទើបសុខចិត្តដកទ័ព។
ក្នុងរយៈពេល៥០ឆ្នាំកន្លងមក អុីស្រាអែល បានបង្កើនការសាងសង់លំនៅឋាន ក្នុងទឹកដីដែលខ្លួនដណ្តើមគ្រប់គ្រងបាន បើទោះបីសហគមន៍អន្តរជាតិមិនទាន់ទទួលស្គាល់ក្តី ។ ជនជាតិប៉ាឡេស្ទីនបានចាត់ទុកសកម្មភាពសាងសង់លំនៅដ្ឋានរបស់អុីស្រាអែលគឺជារឿងខុសច្បាប់ និងរារាំងដល់សកម្មភាពសន្តិភាព ក្នុងតំបន់៕

ដោយ៖ធីរីណា(រូបភាព៖Reuters )


ចែករំលែក៖