ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងមែន! ! ឈ្មួញ​ ព្រហ្ម ធី ហៅធីម្រេច នៅតែបន្តដឹក​ជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំដោយសេរី

ចែករំលែក៖

ខេត្ត​ព្រះ​វិហារ​ ៖​ ជាប្រចាំ យ៉ាងតិច​មានរថយន្តពីរ​ គ្រឿងរបស់ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេចបានចូលទៅដឹកជញ្ជូនឈេីពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​​ ឯសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធជាច្រើនស្ថាប័ននៅទីនោះ ហាក់មិនមានវិធានការទប់ស្កាត់ ឬបង្ក្រាបឡើយ។

មជ្ឈដ្ឋាន​ទូទៅ​លើ​កឡេីងថា​ បើគ្មានការ​បើកដៃពី​សំណាក់លោក រី ឡាយ នាយ​សង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ទេនោះ គឺឈ្មួញឈ្មោះ ព្រហ្ម ធី មិនអាចដឹក​ជញ្ជូនឈើចេញពីស្រុកជ័យសែន ឆ្លងកាត់ស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំបានឡើយ​ ។

ចំពោះសម្មត្ថកិច្ច អាជ្ញាធរ ជំនាញ ម្នាក់ៗ​សំងំរបៀបកន្ទេលធំបន្លំដេក ។ ជាមួយអ្នកសារព័ត៌មាន ពួកគាត់តែងលើកឡើងពីការសហការផ្តល់ដំណឹង ដើម្បីឈានដល់ការបង្ក្រាប តែដល់ឡានដឹកឈើ លោក ព្រហ្ម ធី​ ​ចូលទៅដឹកឈេីបេីក​ ចេញឆ្លងកាត់ទីស្នាក់ការប៉ុស្តិ៍របស់ខ្លួន គឺម្នាក់ៗសំងំទទួលទានដំណេករៀងៗខ្លួន ។

បញ្ហានេះសូមលោកប្រធានមន្ទីរកសិកម្មខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មេបញ្ជាការប៉េអឹមខេត្ត លោកស្នងការខេត្ត លោកអភិបាលខេត្ត ពិចារណាផង ជៀងវាង​ (គេងមិនលក់ធ្វើជាសម្រាន្តលក់) ទុកអោយសមត្ថកិច្ច អាជ្ញាធរ ជំនាញ ជាច្រើនស្ថាប័ន​ ក្នុងស្រុកជ័យសែន និងស្រុករវៀង បើកដៃអោយលោក ព្រហ្ម ធី​ ប្រមូលទិញឈើ ដឹកជញ្ជូនឈើនៅតំបន់នោះ​ ឈានទៅរកការវិនាសបំផ្លាញព្រៃឈើក្នុងទ្រង់ទ្រាយធំបែបនេះ។

បញ្ហានេះ​ លោក ​វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងតទៅទៀតទេ ព្រោះបទល្មើស ព្រៃឈើក្នុងខេត្តព្រះវិហារ នៅតែកើតឡើងយ៉ាងរាលដាល។ ជាពិសេស លោក នួន សុខុម នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តព្រះវិហារ នៅតែបណ្តោយឲ្យមន្ត្រីក្រោមឱវាទក្នុងស្រុកជ័យសែន និងស្រុករវៀង ប្រមូលប្រយោជន៍ពីបទល្មើសព្រៃឈើយ៉ាងត្រជាក់ចិត្ត។

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តព្រះវិហារបានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់ថ្នាក់ខេត្តទេនោះគឺលោក រី ឡាយ នាយសង្កាត់រដ្ឋបាល​ព្រៃឈើជ័យសែន និងសម្មតកិច្ចចម្រុះស្រុករវៀង មិនហ៊ានបើកដៃឲ្យឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅធីម្រេច ដឹកជញ្ជូនឈើខុសច្បាប់ពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ តាមអំពើចិត្តឡើយ។

ជាក់ស្តែងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ រថយន្ត២គ្រឿងរបស់ឈ្មួញ ព្រហ្ម​ ធី ហៅធីម្រេច ធ្វើសកម្មភាព​ដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់និងព្រៃព្រះរកា ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំទាំងថ្ងៃ។

ជុំវិញនឹងករណីខាងលើនេះ ភ្នាក់ងារយើងមិនអាចធ្វើការទំនាក់ទំនង លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដើម្បីសុំការបំភ្លឺពីបានទេ ដោយទូរស័ព្ទរបស់លោកហៅចូលច្រើនដង តែមិនមានអ្នកទទួល៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖