ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបញ្ជាក់ថា អ្នកកើត​ជំងឺ​កូវីដ-១៩សរុប ៣៩៤នាក់ ជាសះស្បើយ៣០៩នាក់ក្នុងនោះស្រី១២៤នាក់ និងស្លាប់៥នាក់ក្នុងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២១នេះ អ្នកកើត​ជំងឺ​កូវីដ-១៩ក្នុងខេត្តស្វាយរៀងសរុប ៣៩៤នាក់ ជាសះស្បើយ៣០៩នាក់ ក្នុងនោះមានស្រី១២៤នាក់ និងស្លាប់៥នាក់។

លោកបន្តថា នៅព្រឹកនេះលោកបាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​របស់មន្ទីរ​ពេទ្យបង្អែក​ខេត្តស្វាយរៀង​ចំនួន ១៦នាក់ ចូលរួម​ផ្លាស់​វេនក្រុម​គ្រូពេទ្យមន្ទីរពេទ្យបង្អែក​រមាស​ហែក ដែលកំពុង​ព្យាបាល​ក្នុង​មណ្ឌល​ព្យាបាល​កូវីដ-១៩ ក្រុងបាវិត ត្រូវ​បញ្ចប់​ភារកិច្ច ១៤ថ្ងៃ នៅថ្ងៃ​នេះ ។

ការផ្លាស់​វេនក្រុម​គ្រូពេទ្យនេះមានការចូលរួមពី​ លោក វណ្ណ សុមុន្នី អភិបាលរង​ក្រុង តំណាង​លោកអភិបាល​ក្រុងបាវិត​  ប្រធាន​មន្ទីរពេទ្យ​បង្អែក​រមាស​ហែក​ លោកអនុ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង​ លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ជីភូ និងលោកប្រធាន​ផ្នែក​ចត្តាឡីស័ក ។​

លោកបញ្ជាក់ទៀត​ថា នៅ​ក្រុងបាវិតមានកន្លែងព្យាបាលអ្នកជំងឺ​កូវីដ-១៩​មួយ​កន្លែង មាន​ឈ្មោះ​ថា​មណ្ឌលព្យាបាល​កូវីដ-១៩ ក្រុងបាវិត ។

ចំពោះ​ក្រុម​គ្រូពេទ្យ​ព្យាបាល​នៅក្នុង​មណ្ឌលព្យាបាល​នេះ មន្ទីរ​សុខាភិបាលបាន​ចល័ត​ពី​មន្ទីរពេទ្យ​ផ្សេងៗ​ក្នុង​ខេត្ត​មកជួយ ដោយប្តូរវេនវិលជុំ​១៤ថ្ងៃ​ម្តង ។

ជាក់ស្ដែង ក្រុម​គ្រូពេទ្យ​របស់មន្ទីរ​ពេទ្យបង្អែកខេត្ត​ស្វាយរៀង​ចូល ក្រុម​គ្រូពេទ្យ​របស់មន្ទីរ​ពេទ្យបង្អែក​រមាស​ហែក​ចេញ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​របស់មន្ទីរ​ពេទ្យបង្អែក​រមាស​ហែក ត្រូវ​បន្ត​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក ១៤ថ្ងៃ​បន្ថែម​ទៀត ទើប​អនុញ្ញាត​ឱ្យ​ទៅផ្ទះ​ជួប​ជុំ​គ្រួសារ។ ដោយថ្ងែ​នេះជាវេនទី៤ហើយ​ ដែល​វេន​ទី១ ទី២ គឺមន្ទីរ​ពេទ្យបង្អែក​ជីភូ និង​វេនទី៣មន្ទីរពេទ្យ​បង្អែក​ស្វាយទាប​ ។​

លោកបានបន្តថា បច្ចុប្បន្ន​នេះនៅក្នុងខេត្ត​ស្វាយរៀង មាន​មន្ទីរពេទ្យ​ព្យាបាល​កូវីដ-១៩ ចំនួន២ និង​មណ្ឌលព្យាបាល​កូវីដ-១៩ ក្រុងបាវិត ១ ។

កន្លង​មក ការ​ផ្ទុះជំងឺ​កូវីដ-១៩ ភាគច្រើន​នៅ​ទី​ក្រុងបាវិត គឺដោយ​សារ​ការមិន​គោរព​នូវ​វិធានការ​សុខាភិបាល ប៉ុន្តែ​ស្ថានការណ៍​បាន​ធូរស្រាល​ឡើងវិញ ដោយសារ​មាន​ការគ្រប់គ្រង​ល្អ និង​បញ្ជា​ផ្ទាល់​ពីលោកអភិបាលខេត្ត ដែល​ជាប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ-១៩​ខេត្ត និង​ជាប្រធាន​គណ:ប​ញ្ជា​ការ​ឯកភាព​ខេត្ត ហើយ​និង​ការ​ចង្អុល​បង្ហាញ និង​អនុ​សាសន៍​ល្អ​ៗ ពីសំណាក់​លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាង​រាស្ត្រមណ្ឌលស្វាយរៀង និង​ជាប្រធានក្រុម​ការ​ងារថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ស្វាយរៀង ។

បន្ទាប់មក លោក​វេជ្ជបណ្ឌិតកែរ រដ្ឋា បាន​ឧបត្តម្ភទឹកដោះ​ឆៅ២០ឡូត៍ និងទឹក​សុទ្ធ ២០កេស ជូន​ក្រុម​គ្រូពេទ្យ​ទាំង២ក្រុម ហើយ​និង​ឧបត្តម្ភ​សមត្ថកិច្ច ៤នាក់ ម្នាក់ៗ​ទទួលបានថវិកា ៥មុឺនរៀល​ផងដែរ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖