ព័ត៌មានទាន់ហេតុការណ៍៖

ភរិយាចាងហ្វាងសារព័ត៌មានKDNស្លាប់ដោយសារជិះម៉ូតូបុកគ្នា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ភរិយាចាងហ្វាងកាសែតKDNម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ជីះម៉ូតូបុកគ្នាធ្វើឱ្យរបួសក្បាលហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២១ នៅមុខច្រកចូលផ្សារកែវសីមា ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ 

ជនរងគ្រោះឈ្មោះស្រីចិន ស្រីមុំ អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាភរិយាលោកឃិនសុខន ចាងហ្វាងសារព័ត៌មានKDNបានរងរបួសផ្នែកក្បាលធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះថ្នាក់ជិះម៉ូតូបុកគ្នា ពេលឆ្លងផ្លូវចូលទិញម្ហូបអាហារហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។  ជនរងគ្រោះបើកបរម៉ូតូម៉ាកវ៉េវឆ្លាមពណ៌ខ្មៅគ្មាន ស្លាកលេខ។

ប្រភពពីលោកផេង សាវួន នាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែខ្ទុមឱ្យដឹងថា ភាគីទាំងពីរមានអត្តសញ្ញាណដូចខាងក្រោម៖

១.ឈ្មោះ តឹក ទី ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកបរម៉ូតូម៉ាកស៊ុយហ្ស៊ុយគីវីវ៉ាព៌ណខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GH.1685 មិនមានរងរបួស បើកបរក្នុងល្បឿនលឿនមានទិសដៅពីលិចទៅកើត។

ក្រោយកើតហេតុជនរងគ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរីក៏ស្លាប់បាត់បង់ជីវិតទៅ។ 

វត្ថុតាងម៉ូតូទាំង២គ្រឿងខាងលើត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកែវសីមា ដេីម្បីបន្តនីតិវិធីច្បាប់តាមក្រោយ។

សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណី៕

        

ដោយ៖​ ជីវ័ន្ត


ចែករំលែក៖