ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់ជិះកង់មិនសូវស្ទាត់ធ្លាក់ចូលស្រះខាងក្រោយផ្ទះលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់ខណៈជិះកង់ម្នាក់ឯងមិនសូវស្ទាត់ធ្វើឱ្យជ្រុលចង្កូតធ្លាក់ចូលស្រះខាងក្រោយផ្ទះបណ្ដាលឱ្យឈ្លក់ទឹក ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិប្រញាប់ប្រញាល់ជួយសង្គ្រោះលើកមកដាក់លើគោកធ្វើចលនាដៃជើងនិងចាប់រលាក់ទឹកចេញប៉ុន្តែអកុសលយឺតពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៦ខែឧសភាឆ្នាំ២០២១ស្ថិតនៅត្រង់ចំណុចភូមិបឹងរ៉ៃខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ក្មេងស្រីដែលស្លាប់មានឈ្មោះ ឆាន ចាន់រ៉ា អាយុ៤ឆ្នាំ រស់នៅភូមិបឹងរ៉ៃខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំខេត្តស្វាយរៀង។

តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងស្រីខាងលើបានជិះកង់មួយគ្រឿងទៅស្រះខាងក្រោយផ្ទះរបស់ខ្លួនតែម្នាក់ឯងដោយជិះមិនសូវស្ទាត់ឡើយ ហើយម្នាក់ៗមិនបានចាប់អារម្មណ៍នោះទេ ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាក្មេងស្រីខាងលើបានលង់ទឹកស្រះទើបបង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយពីពិនិត្យសាកសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ យឹម សុថាន


ចែករំលែក៖