ខេត្តស្ទឹងត្រែង៖ យុវជនពីរនាក់ ដែលជាប់ពាក់ព័ន្ធករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវបានសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនដាក់ពន្ធនាគារ បណ្ដោះអាសន្ន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។
ជនត្រូវចោទទាំង២នាក់នេះ ១.ឈ្មោះ សៅ សុខនាត អាយុ២០ឆ្នាំ និង២.ឈ្មោះ វៀច មី អាយុ១៧ឆ្នាំ។ អ្នកទាំងពីរ មានមុខរបរ ជាជាងសិប្បកម្មឈើ មានទីកន្លែងកំណើត ភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយបច្ចុប្បន្ន មកស្នាក់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។
បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្ត បានឲ្យដឹងថា កាលពីវេលាម៉ោង ៧យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យ២ នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ដោយមានម្នាក់លាក់ដាវ នៅជាប់នឹងខ្លួន ទៅបន្ទប់ផ្ទះជួល ប្អូនប្រុសរបស់ខ្លួន ក្នុងចំណោមជនសង្ស័យម្នាក់ នៅចំណុចក្បែរមន្ទីរពេទ្យភូមិភាគមួយ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង។ ពេលទៅដល់ ពួកគេទាំងពីរនាក់ ក៏បានអង្គុយចាំនៅលើម៉ូតូ នៅខាងក្រៅ។
បន្ទាប់មក ជនសង្ស័យម្នាក់ ចុះពីម៉ូតូដើរទៅរកប្អូនប្រុស ក្នុងបន្ទប់ជួល ក៏បានជួបនឹង ជនរងគ្រោះ ឈ្មោះ ភី សុខលាង ដែលធ្លាប់មានគំនុំ ក្នុងពេលផឹកស៊ី កន្លងមក នៅក្បែរនោះ។ ពេលនោះ ក៏បាននិយាយឌឺដង ផ្លែផ្កាដាក់គ្នា ឃើញដូចនោះ ជនរងគ្រោះ ឈ្មោះ ភី សុខលាង ក៏ស្ទុះទៅដាល់ចំផ្ទៃមុខ និងយកឈើជ្រុង វាយត្រូវចាំកែងជើង ខាងឆ្វេង របស់ជនសង្ស័យ បន្ថែមទៀត។
ឃើញស្ថានភាពបែបនេះ ជនសង្ស័យ ឈ្មោះ វីច មី ក៏បានស្ទុះចូលទៅ ហើយដកដាវចេញពីចង្កេះ កាប់ឈ្មោះ ភី សុខលាង ត្រូវចំខ្នង បណ្ដាលឲ្យរងរបួស ផ្អើលដល់អ្នកជិតខាង ចេញមកជួយឃាត់ ជនសង្ស័យទាំងពីរនាក់ ហើយរាយការណ៍ មកសមត្ថកិច្ច អន្តរាគមន៍ជួយ។ ចំណែកជនរងគ្រោះ ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តស្ទឹងត្រែង រីឯជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២១ ត្រូវចៅក្រមស៊ើបសួរ សាលាដំបូងខេត្តស្ទឹងត្រែង ឈ្មោះ លី គឹមឆាយ បានសម្រេចចោទប្រកាន់ ឃុំខ្លួនជនត្រូវចោទ ២នាក់នេះ ដាក់ពន្ធនាគារ ជាបណ្ដោះ អាសន្ន រង់ចាំការស៊ើបអង្កេតតាមក្រោយ៕ដោយ៖សហការី