ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានចុះចាប់ក្រុមអ្នកលេងបាល់ទះចំនួន០៩នាក់ នៅតំបន់លឿង ក្នុងភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកមកផាកពិន័យក្នុងម្នាក់ៗចំនួន២០ម៉ឺនរៀល ចំណែកម្ចាស់ទីតាំងតារាងបាល់ទះ ត្រូវផាកចំនួន២លានរៀល។
បេីតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា មូលហេតុនៃការឃាត់ខ្លួនមនុស្សប្រុសស្រីទាំង៩នាក់ខាងលើ បន្ទាប់ពីមានពលរដ្ឋរាយការណ៍ថា មានការប្រមូលផ្តុំអ្នកនិយមហាត់ប្រាណ និងលេងល្បែងស៊ីសងបាល់ទះភ្នាល់គ្នា ដាក់លុយដែលល្មើសនឹងការណែនាំរបស់ក្រសួងសុខាភិបាល មិនឲ្យមានការប្រមូលផ្តុំគ្នានិងបំពានវិធានការ ៣កុំ និង៣ការពារទើបលោកអភិបាលបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនគរបាល ផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកចុះទៅពិនិត្យនិងស្រាវជ្រាវជាក់ស្ដែង។
ក្រោយប្រតិបត្តិការរួច ជាលទ្ធផលឃាត់ខ្លួនមនុស្ស៩នាក់ បញ្ជូនទៅកាន់សាលាខណ្ឌទួលគោក ធ្វើការអប់រំ ផាកពិន័យក្នុងម្នាក់ៗ២០ម៉ឺនរៀល។ ចំណែកម្ចាស់ទីតាំងតារាងបាល់ទះ ត្រូវផាកពិន័យចំនួន២លានរៀល៕ដោយ៖សហការី