ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ករណីពុលស្រានៅស្រុកល្វាឯម បានស្លាប់ ៨នាក់ និង ១នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំសមត្ថកិច្ចក្រោមឱវាទ ចុះទៅទីតាំងកន្លែងកើតហេតុដែលមានប្រជាពលរដ្ឋពុលស្រាបណ្តាលអោយស្លាប់ជាបន្តបន្ទាប់រហូតដល់ ៨នាក់ និង ១នាក់ទៀតកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

កើតហេតុនៅភូមិស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល តាំងពីថ្ងៃទី១០ ខែឧសភាមកម្ល៉េះ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា, អ្នកដែលស្លាប់រួមមាន៖
១-ឈ្មោះ ម៉េន ម៉ន ភេទប្រុស អាយុ៥១ឆ្នាំ បានស្លាប់នៅផ្ទះ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១
២-ឈ្មោះ ម៉ាង បឹង ភេទប្រុស អាយុ៥៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យស្រុក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១
៣-ឈ្មោះ ម៉ន វាសនា ភេទប្រុស អាយុ៥៣ ឆ្នាំ បានស្លាប់នៅមន្ទីពេទ្យ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១
៤-ឈ្មោះ ហេង គ័ង ភេទប្រុស អាយុ២៩ ឆ្នាំបានស្លាប់នៅមន្ទីរពេទ្យ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១
៥-ឈ្មោះ សុខ ស៊ូ ភេទប្រុស អាយុ៥៣ឆ្នាំ បានស្លាប់នៅផ្ទះ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១
៦-ឈ្មោះ សុខ សុឺម ភេទប្រុសអាយុ៥៧ ឆ្នាំបានស្លាប់នៅផ្ទះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១
៧-ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៤៧ឆ្នាំ បានស្លាប់នៅផ្ទះ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១
៨-ឈ្មោះ ហុង ផាន់ណា ភេទប្រុស អាយុ៣៥ឆ្នាំ បានស្លាប់នៅផ្ទះ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ។
និងឈ្មោះ មាំង សារុន ភេទប្រុស អាយុ៤២ឆ្នាំ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ព្រែកព្នៅ។
លោកស្នងការបានបន្តថា, ជនរងគ្រោះដែលបានស្លាប់និងកំពុងសង្គ្រោះបន្ទាន់ ដោយសារ សង្ស័យពុលស្រា គឺពួកគាត់បានទៅចូលរួមកំដរបុណ្យសពឈ្មោះ ម៉ន ងន អាយុ ៥១ឆ្នាំ។
ពាក់ព័ន្ធករណីខាងលើនេះផងដែរ, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាអោយសមត្ថកិច្ច ចុះទៅកាន់ទីតាំងកន្លែងលក់ស្រា នឹងយកស្រា ទៅពិនិត្យនៅមន្ទីរពិសោធន៍ រកឱ្យឃើញពីមូលហេតុ នៃការស្លាប់នេះដោយសារពុលស្រា ឬមួយយ៉ាងណា ? ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖