មុននេះកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡ២០២០ បានបញ្ចប់ហើយដោយម្ចាស់មកុដបានទៅលើកញ្ញា Andrea Meza មកពីម៉ិចស៊ិីកូ។ សម្រាប់បេក្ខនារីពីកម្ពុជា កញ្ញា រ៉េត សារីតា ត្រូវបានក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជានៅតែចាត់ទុកថានាងគឺជាបេក្ខភាពដ៏លេចធ្លោមិនធ្លាប់មានពីកម្ពុជា និងបានចារឈ្មោះនាងក្នុងដួងចិត្តរបស់ពួកគេបើទោះបីជានាងមិនទទួលបានជ័យលាភីណាមួយពីកម្មវិធីប្រកួតសម្រស់ដ៏សម្បើមមួយនេះក៏ដោយ។
អ្នកគាំទ្រនាងជាច្រើនបានលើកឡើងបែបនេះក្រោយពីការសម្លឹងមើលឃើញថា អស់រយៈពេលជាច្រើនខែមកហើយដែលកញ្ញាឯកចក្រវាឡកម្ពុជា២០២០ កញ្ញា រ៉េត សារីតា បានលះបង់កម្លាំងកាយចិត្តលើសកម្មភាពផ្សេងៗដើម្បីពង្រឹងសមត្ថភាព បទពិសោធន៍ ចំណេះដឹង និងបង្ហាញរូបភាពល្អៗទៅកាន់ពិភពលោក ។ រ៉េត សារីតា បានបង្ហាញពីភាពរឹងមាំ និងធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំង ពិសេសចាប់តាំងពីនាងបានឈានចូលដល់ទឹកដីនៃប្រទេសមហាអំណាច ដើម្បីតំណាងឲ្យកម្ពុជាចូលរួមកម្មវិធីកញ្ញាឯកចក្រវាឡដ៏ធំសម្បើមមួយនេះ។ នាងធ្វើឲ្យប្រជាជនខ្មែរជាច្រើនលើសលប់ពេញចិត្ត នឹងការបង្ហាញទាំងសមត្ថភាព ភាពស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសដទៃ ដោយបានទាំងនាំយនូវសិល្បៈវប្បធម៌ជាតិ សំឡេងរបស់នារីកម្ពុជាឡើងទៅលើឆាកប្រកួតសម្រស់នេះ។ អ្នកគាំទ្របានលើកឡើងថា នាងបានប្រឹងប្រែងអស់ពីសមត្ថភាពរួចជាស្រេច ហើយបើទោះបីជាមិនទទួលបានចំណាត់ថ្នាក់ណាមួយក្តីក៏នាងគឺជាកញ្ញាឯកកំពូលសម្រស់ក្នុងដួងចិត្តរបស់ពួកគេរួចជាស្រេចទៅហើយ ហើយនាងនឹងក្លាយជាគំរូមួយសម្រាប់បេក្ខភាពជំនាន់ក្រោយ ព្រោះតែនាងគឺជាបេក្ខភាពដ៏មានសក្តានុពល។
យោងតាមអ្នកផលិតកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជាបានលើកឡើងថា រ៉េត សារីតា នឹងបន្តស្នាក់នៅសហរដ្ឋអាមេរិករហូតដល់ចុងខែឧសភានេះដើម្បីចូលរួមកម្មវិធីជាច្រើនដែលត្រូវបានសមាគមខ្មែរនៅសហរដ្ឋអាមេរិកធ្វើឡើង ហើយសម្រាប់លទ្ធផលបែបណាគឺអាចទទួលយកបានព្រោះនាងបានប្រឹងប្រែងអស់ពីលទ្ធភាពហើយដើម្បីមុខមាត់ជាតិ។
នាងនៅតែជាកញ្ញាឯកស្ថិតក្នុងបេះដូងអ្នកគាំទ្រ និងប្រជាជនខ្មែរគ្រប់រូប។ នាងបានធ្វើឲ្យវិស័យកញ្ញាឯកដ៏ក្មេងខ្ចីរបស់កម្ពុជាទទួលបានការគាំទ្រ រីកចម្រើន ស្មើមុខមាត់ នាំមកនូវមោទកភាពសម្រាប់កម្ពុជារាប់ចាប់តាំងពីការបង្ហាញវត្តមានក្នុងកម្មវិធីនានាទាំងមុន អំឡុងពេល និងបញ្ចប់ការប្រកួត។ នាងមិនបានធ្វើឲ្យអ្នកគាំទ្រអស់ក្តីសង្ឃឹមឡើយ បើទោះបីជាមិនទទួលបានតំណែងណាមួយពីកម្មវិធីប្រកួតក្តី ក៏មានអ្នកគាំទ្រខ្លះបង្ហាញអារម្មណ៍ក្នុងការស្វាគមន៍ដំណើរមកដល់របស់នាងមកមាតុប្រទេសវិញផងដែរ៕
ដោយ៖ វឌ្ឍនា