ខេត្តកំពង់ធំ៖ លោកយាយ វ័យ៧៥ឆ្នាំម្នាក់ ត្រូវរន្ទះបាញ់បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្ដាលវាលស្រែ បង្កការភ្ញាក់ផ្អេីលឡេីងកាលពីវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុច វាលស្រែ ខាងលិចភូមិសេរីចំប៉ា ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ ខណៈដែលគាត់កំពុងតែលើកភ្លឺស្រែ ពេលមេឃកំពុងភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់ មានផ្លេកបន្ទោរ។
បើយោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ សោម ឡាត់ ភេទស្រី អាយុ ៧៦ ឆ្នាំ រស់នៅភូមិសេរីចំប៉ា ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
មន្រ្តីដដែលបន្តថា យោងតាមការបំភ្លឺពីសាក្សី ឈ្មោះ យូ ថុល ភេទប្រុស អាយុ ៦៣ឆ្នាំ បានរៀបរាប់ថា នៅមុនពេលកេីតហេតុ រូបគាត់បានដឹកសត្វគោ យកទៅឃ្វាល នៅតំបន់នោះ ស្រាប់តែពេលនោះបានជួបជជែកជាមួយនឹងជនរងគ្រោះឈ្មោះ សោម ឡាត់ ដែលគាត់កំពុងតែលើកភ្លឺស្រែម្នាក់ឯង។ ខណៈមេឃកំពុងភ្លៀងរលឹម លាយឡំនឹងផ្គរ ខ្លួនក៏បានដើរចេញពីគាត់ លុះពេលត្រលប់មកវិញ បានប្រហែលជា ៥០ម៉ែត្រ ស្រាប់តែមានរន្ទះបាញ់ ចំជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។ ចំណែករូបគាត់ក៏ភ័យ នឹងតក់ស្លុតខ្លាំងណាស់។
ក្រោយកេីតហេតុសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សហការី