ភ្នំពេញ៖ គេសង្ស័យថាឆ្លងចរន្តអគ្គិសនីទើបបង្កជាអគ្គិភ័យឆាបឆេះនៅក្នុងហាងលក់សាច់អាំងយីហោ តៀមស្រា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ
ចុះមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១យប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ១៦០ ផ្លូវលេខ១៤៣កែងនិឹងផ្លូវលេខ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ផ្ទះកើតហេតុគឺជាហាងលក់សាច់អាំងយីហោ តៀមស្រា ដែលហាងនេះបានបិទទ្វារមិនបើកដំណើរការនោះទេ ប៉ុន្តែក្នុងអំឡុងពេលដែលហាងនេះមិនបានបើកដំណើរការក៏មានបុគ្គលិកស្នាក់នៅមើលការខុសត្រូវផងដែរ។ នៅមុនពេលកើតហេតុ ខណ:ដែលមេឃកំពុងតែភ្លៀងគេបានឮសំឡេងរន្ទះបាញ់យ៉ាងខ្លាំងហាក់ដូចជាបាញ់ត្រូវចំអ្វីម្យ៉ាងនៅម្តុំៗទីតាំងកើតហេតុនេះ។ លុះមួយសន្ទុះក្រោយក៏ស្រាប់តែស្ត្រីម្នាក់ដែលស្នាក់នៅក្បែរហាងកើតហេតុ បានស្រែកឆោឡោថាមានភ្លើងឆេះនៅខាងក្នុងហាង។ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះនាំគ្នាវាយបំបែកសោទ្វារហាង និងយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់មកធ្វើការបាញ់ពន្លត់អណ្ដាតភ្លើងថែមទាំងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យឲ្យមកជួយធ្វើអន្តរាគមន៍ផងដែរ។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានរួមទាំងរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៥គ្រឿង បានចុះមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់អស់មួយរថយន្តទើបភ្លើងបានរលត់ទៅវិញជាស្ថាពរ។
ចំពោះហេតុការណ៍នេះ មិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ តែបានធ្វើឲ្យឆេះខូចខាតទូទឹកកកចំនួនមួយគ្រឿង និងសម្ភារមួយចំនួនទៀត។ រីឯមូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះនេះសមត្ថកិច្ចជំនាញបានសន្និដ្ឋានជំហានដំបូងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕
ដោយ៖ ជ្រោយពេជ្រ