ខេត្តព្រះសីហនុ៖ ប្រភពពីរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងថា, នៅព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះត្រួតពិនិត្យមន្ទីរពិសោធន៍វេជ្ជសាស្ត្ររកមេរោគកូវីដ-១៩ នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំក្រុមគ្រូពេទ្យផ្នែកមន្ទីរពិសោធន៍ត្រូវយកចិត្តទុកដាក់ក្នុងការវិភាគរកមេរោគកូវីដ-១៩ ពិសេសមេរោគបំលែងថ្មី ដែលមានហានិភ័យខ្ពស់ ទន្ទឹមនោះក៏បានធ្វើការណែនាំក្រុមគ្រូពេទ្យត្រូវតែមានការប្រុងប្រយ័តខ្ពស់ ដោយធ្វើអនាម័យជាប់ជាប្រចាំ កុំធ្វេសប្រហែសនាំឱ្យមានការឆ្លងជំងឺកូវីដ-១៩ មកខ្លួនរបស់យើង ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណក្រុមគ្រូពេទ្យជួរមុខ ជួរក្រោយ និងក្រុមគ្រូពេទ្យផ្នែកមន្ទីរពិសោធន៍របស់យើង ដែលបានខិតខំបំពេញការងារមិនខ្លាចនឿយហត់ទាំងថ្ងៃទាំងយប់ មិនថាភ្លៀង ឬថ្ងៃក្តៅដោយមិនបានសម្រាកគ្រប់គ្រាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ក្នុងខេត្តព្រះសីហនុ ។ ដូច្នេះយើងត្រូវរួមគ្នាបន្តទៀតដើម្បីកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ខេត្តព្រះសីហនុ ។
លោក គួច ចំរើន បន្តថា តាមការណែនាំរបស់អង្គការសុខភាពពិភពលោកត្រូវតាមដានព្យាបាលអ្នកជំងឺកូវីដ-១៩ ២១ថ្ងៃ ម្យ៉ាងទៀតការព្យាបាលអ្នកជំងឺកូវីដ-១៩ ធ្ងន់ ត្រូវតេស្ត PCR (ម៉ាស៊ីនវិភាគរកមេរោគកូវីដ-១៩) អវិជ្ជមានពីរដងទើបឱ្យចេញពីមន្ទីរពេទ្យ និងបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្តទៀត ដោយឡែកអ្នកជំងឺកូវីដ-១៩ ស្រាល តេស្ត PCR (ម៉ាស៊ីនវិភាគរកមេរោគកូវីដ-១៩) អវិជ្ជមានមួយដងអាចឱ្យចេញបាន ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃបន្តទៀត ។ ដោយសារតែបច្ចុប្បន្នមន្ទីរពិសោធន៍រកមេរោគកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែករបស់យើងជួបប្រទះនូវខ្វះខាតសម្ភារ:ក្នុងការវិភាគរកមេរោគកូវីដ-១៩ ក្នុងនោះរដ្ឋបាលខេត្ដកំពុងបញ្ជាទិញបន្ថែម ដើម្បីឱ្យមន្ទីរពិសោធន៍របស់យើងដំណើរការដោយរលូន។ មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ បើកដំណើរការដំបូងក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន មានម៉ាស៊ីនពិសោធន៍ និងសម្ភារៈពិសោធន៍សម្រាប់ពិសោធន៍បាន តែចំនួន ២.០០០សំណាកតែប៉ុណ្ណោះ ដោយសារតែខេត្តព្រះសីហនុ មានការផ្ទះនូវជំងឺកូវីដ-១៩ មានទំហំធំ តម្រូវការវិភាគជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានចំនួនច្រើន។ ទន្ទឹមនោះក្រសួងសុខាភិបាលបានការជួយនូវឧបត្ថម្ភនូវសម្ភារៈ Rapid Test និងការបញ្ជាទិញរបស់រដ្ឋបាលខេត្ត ក្នុងការយកសំណាកប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ (តំបន់ក្រហម) ត្រូវបានបញ្ចប់កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ កន្លងមក ធ្វើឱ្យអត្រាការឆ្លងជំងឺកូវីដ-១៩ មានការថយចុះ ។
លោកវេជ្ជបណ្ឌិត ផេង សេច័ន្ទគ្រឹះស្នា អ្នកសម្របសម្រួលរួមនៃមន្ទីរពិសោធន៍ខេត្តព្រះសីហនុ បានឱ្យដឹងថាមន្ទីរ ពិសោធន៍យើងមានបុគ្គលិកចំនួន ១០នាក់ ដើម្បីបំរើសេវាពិសោធន៍ជំងឺទូទៅ ពិសេសជំងឺកូវីដ-១៩ ប្រសិនបើមានសម្ភារ:គ្រប់ យើងអាចវិភាគរកមេរោគកូវីដ-១៩ ចន្លោះពី៣០០ ទៅ ៤០០នាក់ ក្នុងមួយថ្ងៃ ក៏ប៉ុន្តែដោយសារយើងនូវខ្វះសម្ភារៈមួយចំនួន ធ្វើឱ្យការវិភាគរកមេរោគកូវីដ-១៩ មិនទាន់ដំណើរការបានរលូន ដូច្នេះយើងត្រូវរង់ចាំសម្ភារៈមកដល់ ទើបម៉ាស៊ីនវិភាគរបស់យើងដំណើរការបាន ៕
ដោយ ៖ សិលា