ភ្នំពេញ៖ ដើម្បីពង្រឹង និងពន្លឿននៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនី នៅតាមគោលដៅនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នានា ទៅតាមការណែនាំរបស់រាជ រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី១៨ ខែឧសភានេះបានចុះពិនិត្យស្ថានភាព នៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅទូទាំងរាជធានីភ្នំពេញ ។
លោក ឃួង ស្រេង និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យ ទីតាំងជាច្រើននៅក្នុងខណ្ឌចំនួន៣ ក្នុងនោះ មានខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌសែន សុខ ។ ក្នុងការចុះពិនិត្យទីតាំងជាច្រើនកន្លែងនិងពេញមួយព្រឹកនៅក្នុងខណ្ឌខាងលើនេះ លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់ ស្រង់បញ្ជីឈ្មោះឱ្យបានច្បាស់លាស់ ពិសេស ការស្រង់ស្ថិតិ បងប្អូនកម្មករ កម្មការីនី ដែលត្រូវមកចាក់វ៉ាក់សាំង ដើម្បីយើងងាយស្រួលក្នុងការគ្រប់គ្រង ទិន្នន័យមួយច្បាស់លាស់ និងបានចាក់បញ្ចប់ទៅតាមម្រោងដែលយើងបានគ្រោងទុកសម្រាប់អ្នករស់នៅភ្នំពេញ។ ក្រៅពីនេះ លោក ឃួង ស្រេង ក៏បានណែនាំទៅអាជ្ញាធរក៏ដូចជាក្រុមការងារ ដែលបាននិងកំពុងអនុវត្តន៍ លើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនី រក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយយើងមិនបានដឹងថា នរណាម្នាក់មានជម្ងឺកូវីដ-១៩នោះទេ ដូច្នេះយើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់និងកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈអោយបានជោគជ័យ។
យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនីទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាការគិតគូរខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋ ឆ្លងផុតពីការវាយប្រហារដោយមេរោគកូវីដ-១៩ ។
សូមបញ្ជាក់ថា៖ ចាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករ កម្មការីនីទាំងអស់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ឧសភា ដល់ថ្ងៃទី១៧ឧសភា ២០២១ បើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិនិងក្រសួងសុខាភិបាលបានបង្ហាញថា មានពលរដ្ឋចំនួន៧០៧,៥៧២នាក់ហើយ ដែល បានទទួលការចាក់វ៉ាក់សាំងនេះ៕
ដោយ៖ សំរិត