ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងលួចឆ្មក់ចុះបង្ក្រាបបានទឹកអាល់កុលក្លែងក្លាយ៣០០លីត្រយកទៅបំផ្លាញចោល

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចរបស់សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងសហការជាមួយរដ្ឋបាលក្រុងស្វាយរៀងនិងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តលួចឆ្មក់ចុះបង្ក្រាបនៅតាមឱសថស្ថានក្នុងក្រុងស្វាយរៀង រកឃើញអាល់កុលក្លែងក្លាយប្រមាណ៣០០លីត្រយកទៅបំផ្លាញចោលភ្លាមៗតែម្ដង។

ការចុះបង្ក្រាបនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១ដឹកនាំដោយលោកផឹង និល ប្រធាន ក ប ប ខេត្តលោកសរ សុដានី អភិបាលរងតំណាង លោកអភិបាលក្រុង និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តនិងក្រុមការងារ ក ប ប ជាច្រើននាក់ស្ថិតនៅជុំវិញផ្សារវាលយន្តក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

លោកផឹង និល ប្រធាន សាខា ក ប ប ខេត្តស្វាយរៀងបានឱ្យដឹងថា ថ្ងៃនេះ គឺយើងបានលួចឆ្មក់ដើម្បីត្រួតពិនិត្យទំនិញ ផលិតផលអាល់កុល ជែលលាងដៃ និងតាមដានតម្លៃទំនិញ( ជាពិសេសតម្លៃអាល់កុល ស្លាកសញ្ញា តម្លៃម៉ាស់ ) នៅតាមបណ្ដាឱសថស្ថានស្ថិតក្នុងក្រុងស្វាយរៀង។

លោកបន្តថា សកម្មភាពការងារចុះ ត្រួតពិនិត្យនេះ មន្ត្រីជំនាញយើងបានពិនិត្យទៅលើអាល់កុល  ជែលលាងដៃនៅតាមឱសថស្ថានចំនួន៦ទីតាំងនិងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល និង ជែលលាងដៃទាំង ៦ទីតាំងដើម្បីស្វែងរកអាល់កុលក្លែងក្លាយ ហើយជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញអាល់កុលក្លែងក្លាយចំនួន១ កាន ស្មើ៣០លីត្រ,អាល់កុល៤៥ យួរ មាន១២ដប ក្នុង១ដបស្មើ ០ , ៥ លីត្រ ស្មើ ២៧០ លីត្រ ខណៈមន្ត្រីជំនាញរបស់លោកបានធ្វើកំណត់ហេតុដកហូតទំនិញអាល់កុលក្លែងក្លាយទាំងនោះយកទៅធ្វើការដុតកម្ទេចចោលតែម្តង ។

ក្នុងឱកាសនោះដែរលោកសរ សុដានីអភិបាលរងក្រុងស្វាយរៀង បានឱ្យដឹងថាការចុះនាពេលនេះ គឺដើម្បីធានាដល់បងប្អូនប្រជាពលរដ្ឋក្នុងការទិញយកទឹកអាល់កុលទៅប្រើប្រាស់មានប្រសិទ្ធភាព និង គ្មានផលប៉ះពាល់ដល់សុខភាព។ មិនតែប៉ុណ្ណោះ ដើម្បីពង្រឹងការទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងCovid-19និងចូលរួមបិទបញ្ចប់ព្រិឹត្តិការណ៍ ២០កុម្ភៈនិងបន្តចូលរួមអនុវត្ត៣ការពារ៣កុំរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖