ខេត្តសៀមរាប៖ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានឱ្យដឹងនៅរសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១នេះថា ព្រៃលិចទឹកជាប់បឹងទន្លេសាប ស្ថិតនៅសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានភ្លើងឆេះជាបន្តបន្ទាប់អស់រយៈពេលប្រមាណ០៥ថ្ងៃហើយ ដោយអាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងគ្រឿងចក្រជាច្រើនគ្រឿង ដើម្បីពន្លត់ភ្លើងឆេះព្រៃលិចទឹកនេះ។
លោកអភិបាលក្រុងបានឱ្យដឹងទៀតថា ដោយសារតែស្ថានភាពព្រៃលិចទឹកនេះមានឈើរាមងាប់ច្រើន មានខ្យល់បកខ្លាំង អាកាសធាតុក្តៅផងនោះ ធ្វើឱ្យភ្លើងឆេះលឿន រាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត និងពិបាកពន្លត់។ ប៉ុន្តែទោះជាយ៉ាងនេះក្តីអាជ្ញាធរនៅតែបន្តខិតខំពន្លត់ភ្លើងនេះ ហើយគិតត្រឹមម៉ោង៣រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ភ្លើងឆេះព្រៃអស់ជាច្រើនហិកតា ដោយអាជ្ញាធរអាចគ្រប់គ្រងស្ថានការបាន៧០ភាគរយហើយ។
លោកអភិបាលក្រុងបានបញ្ជក់ថា ភ្លើងឆេះព្រៃនេះ មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ ដោយសារតែតំបន់ព្រៃលិចទឹកដែលឆេះនេះ គឺមានវាលស្រែ និងផ្លូវក្រវ៉ាត់ការពារ។ចំពោះមូលហេតុនៃការបង្កឱ្យមានភ្លើងឆេះព្រៃលិចទឹកនេះ គឺអាជ្ញាធរមិនទាន់បានបង្ហាញនៅឡើយនោះទេ៕
ដោយ៖ សូរិយា