អន្តរជាតិ៖ នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១នេះ យោងតាមទិន្នន័យពីក្រសួងកិច្ចការស៉ីវិលចិន បានបង្ហាញថា ជាមធ្យមការរៀបអាពាហ៍ពិពាហ៍ថ្មីៗប្រមាណ១០លានគូត្រូវបានចុះបញ្ជីក្នុងមួយឆ្នាំៗនៅប្រទេសចិន។
បើតាមទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ បានចុះផ្សាយថា ក្រសួងកិច្ចការស៉ីវិលចិន បានបញ្ជាក់យ៉ាងដូច្នេះថា ក្នុងមួយឆ្នាំៗលិខិតរៀបអាពាហ៍ពិពាហ៍ប្រហែល ០៤លានច្បាប់ ត្រូវបានចេញឲ្យគូស្វាមី-ភរិយា ដែលមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេ ឬមួយក៏បាត់លិខិតអាពាហ៍ពិពាហ៍។
បន្ថែមពីនេះ យោងតាមទិន្នន័យដដែល បានបន្តថា នៅទូទាំងប្រទេសចិន ក៏មើលឃើញមានការលែងលះគ្នា ជាមធ្យមជិត០៤លានគូ ក្នុងមួយឆ្នាំផងដែរ។
ដោយឡែកជុំវិញករណីនេះដែរ ពាក់ព័ន្ធនឹងតួលេខនៃការលែងលះ ក្នុងត្រីមាសទីមួយ ការលែងលះគ្នាដែលត្រូវបានកត់ត្រា បានថយចុះជាង៧០ភាគរយ ធៀបនឹងត្រីមាសចុងក្រោយនៃឆ្នាំ២០២០ គឺត្រីមាសទីមួយឆ្នាំនេះ មានការលែងលះ២៩៦,០០០គូ ខណៈត្រីមាសចុងក្រោយនៃឆ្នាំ២០២០ មានការលែងលះដល់ទៅ១.០៦លានគូ ហើយបើធៀបនឹងត្រីមាសទីមួយនៃឆ្នាំ២០២០វិញនោះ អត្រាលែងលះបានថយចុះជិត៥២ភាគរយ៕ដោយ៖ស តារា