ខេត្តស្វាយរៀង៖ មានករណីរន្ទះបាញ់គួរឱ្យរន្ធត់និងតក់ស្លុតបំផុតខណៈកំពុងមានភ្លៀងលាយខ្យល់កន្ត្រាក់បណ្ដាលឱ្យបុរសម្នាក់ស្លាប់និង៤នាក់ទៀតរងរបួស បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិជិតខាងជួយធ្វើអន្តរាគមន៍សង្គ្រោះទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិត្រពាំងបន្ទាយ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក។
យោងតាមលោកសំ សំអុល អធិការនគរបាលស្រុករមាសហែកបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ យ៉ង មករា (ហៅ ជាងខ្លី)អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិព្រៃក្រឡាញ់ ឃុំកំពង់ត្រាច ស្រុករមាសហែក។
ចំណែកអ្នករងរបួសទី១-ឈ្មោះ ប៉ាង នឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិត្រពាំងជ័រ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក។
ទី២-ឈ្មោះ ឡុក សារូ ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិថ្មី ឃុំដូង ស្រុករមាសហែក។
ទី៣-ឈ្មោះឃឹម សាម៉ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិតាត្រាវ ឃុំកំពង់ត្រាចស្រុករមាសហែក។
ទី៤-ឈ្មោះគឹម ស៊ីថា ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក។
ប្រភពបន្តថា មុនកើតហេតុបុរសទាំង៥នាក់បន្ទាប់ពីសាងសង់ផ្ទះឱ្យគេនៅចំណុចភូមិត្រពាំងបន្ទាយ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែករួចមានការនឿយហត់ក៏បាននាំគ្នាសម្រាកនៅកន្លែងធ្វើការដោយមិនបានវិលត្រឡប់ទៅផ្ទះពួកគាត់គាត់វិញទេ។
លុះបន្តិចក្រោយមកក៏ស្រាប់តែមានភ្លៀងនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំង ហើយរំពេចនោះក៏មានរន្ទះបាញ់មួយគ្រាប់ឮសូរផាំងឡើងហុឹងត្រចៀកបណ្ដាលឱ្យត្រូវចំបុរសទាំង៥នាក់ដែលកំពុងនៅអង្គុយជុំគ្នាបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នករងរបួសទាំង៤នាក់ត្រូវបានអ្នកភូមិនិងសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ចំណែកអ្នកស្លាប់សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន