ព័ត៌មានទាន់ហេតុការណ៍៖

ការ​​ចែករំលែក​ទុក្ខ​​​លំបាក​ក្នុងសហគមន៍​ជួយ​ឱ្យ​លោក អ៊ែល ម៉ាត់ ជាប់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ ​កម្មវិធី​ពាន់​រង្វាន់​ពលរដ្ឋ​គំរូ​ Smart

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ ​ការ​ជួយមនុស្ស​ចាស់ជរា កុមារកំព្រា​ ស្រ្តីមេមាយ និង​សហ​គមន៍​មូលដ្ឋាន​ គឺជា​អំពើ​​ល្អ​​ដែល​ជួយ​ឱ្យ លោក អ៊ែល ម៉ាត់​ ត្រូវបាន​ជ្រើស​តាំង​​​ជា​បេក្ខជន​មួយរូប​​ក្នុង​​​កម្មវិធី​ពាន​រង្វាន់​​ពលរដ្ឋគំរូ Smart ឆ្នាំ​២០២០។

ការ​ជ្រើស​តាំង​នេះ​បានផ្តល់​ឱកាស​មួយ​ដែល​ជួយ​ឱ្យលោក លោក អ៊ែល ម៉ាត់ ដែលជាថ្នាក់ដឹកនាំ​សាសនា​អ៊ីស្លាម​នៅ​ក្នុងភូមិអង្គរបានទី៣ ឃុំ​អង្គរបាន ស្រុកកងមាស ខេត្ត​កំពង់ចាម ​ឆ្លង​​​ទៅ​​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ចូល​រួម​ជាមួយ​នឹង​បេក្ខជន និង​បេក្ខនារី​ ៩​នាក់​ផ្សេង​ទៀត​ សម្រាប់​​ការ​ទទួល​បាន​​ឱកាស​ក្លាយជា​ជ័យលាភីជា​មួយ​នឹង​​ប្រាក់​រង្វាន់​ចំនួន ១ម៉ឺនដុល្លារ។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣មក ​ជា​ពេល​ដែល​លោក​បាន​ចូល​ជា​សមាជិក​វិហារ​អ៊ីស្លាម​ក្នុង​ភូមិរ​បស់​លោក លោក​តែង​ចូល​ចិត្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​ជាទូទៅ​តាម​ដែលលោកអ្នកធ្វើទៅបាន។

ក្នុង​ឆ្នាំ​២០០០ នៅ​ពេល​ដែល​លោក អ៊ែល ម៉ាត់ ត្រូវ​បាន​តែង​តាំង​ជា​​អ៊ីមាំម៉ា​ស្ជិត លោក​ក៏​បាន​ប្រើ​តួនាទី​ថ្មី​របស់​លោក ដើម្បី​ជួយ​ដល់​ជន​ក្រីក្រ​ខ្វះ​ខាត ក្មេង​កំព្រា និង​មនុស្ស​ស្ទើរ​គ្រប់​គ្នា​ក្នុង​សហគមន៍​របស់​គាត់ ដោយ​ទទួលបាន​ថវិកា​ពី​​សមាគមប្រភព​ល្អកម្ពុជា សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា និង​សប្បុរសជននានា។​

លោក អ៊ែល ម៉ាត់ បាន​មាន​ប្រសាសន៍ថា៖ “ខ្ញុំ​ចូល​មកបម្រើ​ការ​នៅ​ក្នុង​ភូមិ​គឺ​មាន​ចិត្ត​មួយ​អាណិត​ដល់​ស្រី​មេម៉ាយ និង​ក្មេង​កំព្រា ហើយ​ខ្ញុំ​ក៏​ទាក់​ទង​ទៅ​សមាគម​​ឱ្យ​​គេ​ជួយ​ចិញ្ចឹម ជួយ​ឧបត្ថម្ភ​ផ្សេងៗ”។

ក្នុង​នាម​ជា​ខ្មែរ​អ៊ីស្លាម​ម្នាក់ ការ​ជួយ​ដល់​គេ​ឯង​នេះ​ក៏​ជា​ផ្នែក​សំខាន់​មួយ​ផង​ដែរ​ទាំង​នៅ​ក្នុង​សាសនា និង​ជីវិត​រស់​នៅ​ប្រចាំ​​ថ្ងៃ​របស់​គាត់​ផង​ដែរ។

ទាំង​នេះ​​ហើយ​ជា​មូល​ហេតុ​​ដែល​លោក កូប ហាសាន់ បាន​ជ្រើស​តាំង​លោក អ៊ែល ម៉ាត់ ឱ្យ​ចូល​រួម​ក្នុងកម្មវិធី​ពាន​រង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០។

លោក កូប ហាសាន់ បាន​ថ្លែងថា៖ “ខ្ញុំជ្រើសរើសយកគាត់ គឺ​ដោយ​សារ​គាត់​ធ្វើ​ការ​អត់​ចង់​បាន​អ្វី​ទាំង​អស់​សូម្បី​តែ​ប្រាក់​ខែ​ក៏​គ្មាន​ដែរ។ ខ្ញុំ​ឃើញ​គាត់​ប្រឹង​ប្រែង​ធ្វើ​មែន​ទែន ខ្ញុំ​ជា​យុវជន​ខ្ញុំ​ខ្មាស់​គាត់​មែន​ទែន​ព្រោះ​ខ្ញុំ​ធ្វើ​អត់​បាន​ដូច​គាត់។ មិន​មែន​ថា​យើង​ចង់​អំនួត​ប្រាប់​គេ​ថា​យើង​ជា​មនុស្ស​ល្អ១០០% ​នោះទេ គ្រាន់​តែ​យើង​ចង់​ឲ្យ​អ្នក​ដទៃ​គេ​ខំ​ប្រឹងធ្វើ​ល្អ​ដែរ”។

លោកយាយ ហ៊ីម ស៊ាស់ អាយុ ៧៣ឆ្នាំ និង​ស្វាមី​របស់លោក​យាយ​ឈ្មោះ ស្មាន ហ៊ីម​ អាយុ ៧៥ ដែល​ស្ថិត​ក្នុង​វ័យ​ជរា​​មិនអាច​ដើរ​បាន គ្រាន់តែ​ជា​មនុស្ស​ពីរនាក់​ប៉ុណ្ណោះ​នៅក្នុងសហគមន៍​របស់គាត់​ដែល​​លោក អ៊ែល  ម៉ាត់​ បាន​ជួយ។ លោកយា​យ​បានរៀបរាប់ថា លោក អ៊ែល ម៉ាត់ ជួយមនុស្សជាច្រើននៅ​ភូមិ ដោយ​គាត់​ផ្តោត​អាទិភាពលើ​អ្នកក្រ​ កុមារកំព្រា​ ស្រ្តីមេម៉ាយ និង​មនុស្ស​ចាស់ជរា ហើយលោក​យាយ​ទទួលបាន​ជំនួយ​ជា​ស្បៀង​អាហារ និង​ថវិកា​ខ្លះពីគាត់​ផងដែរ។

លោកយាយ​មាន​ប្រសាសន៍​ថា៖ “គាត់​មិនដែល​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួនរបស់គាត់ទេ។ គាត់ជួយបងប្អូន​ក្នុង​ភូមិ។ និយាយរួមទៅ​គាត់​ជួយទាំងអស់គ្នាក្នុងភូមិ​ហ្នឹង មិនមែនតែ​ខ្ញុំទេ។ ឱ្យតែគាត់មើលទៅ​ឃើញថា មាន​អ្នក​ជួប​ការលំបាកអី គាត់ជួយ​ហើយ ជា​ពិសេស​កូនកំព្រាតែម្តង ដែលឪពុកម្តាយក្រីក្រអ៊ីចឹង​​គាត់ជួយ​ទាំង​ថវិកា ជួយទាំង​កង់។ គាត់ទទួលបានជំនួយ​មក គាត់ចេះតែជួុយអ៊ីចឹងទៅ ម្តងគេម្តងយើង”។

សម្រាប់​លោក អ៊ែល ម៉ាត់ វិញ គាត់​នឹង​បន្ត​ជួយ​មនុស្ស បើ​ទោះ​ជា​លោក​ទទួលបាន ឬ​មិន​ទទួលបាន​ពាន​រង្វាន់​​នេះ​ក្ដី ព្រោះ​លោក​បាន​ជួយ​មនុស្ស​តាំង​ពី​ពេល​លោក​នៅ​ក្មេង​មក​ម្ល៉េះ។

អ្នក​រក​ប្រាក់​ឧបត្ថម្ភ​ប្រជាជន​ក្នុង​សហគមន៍​ខ្មែរ​អ៊ីស្លាម​​រូប​នេះ​បានថ្លែងថា៖​“និយាយ​រួម​ទៅ​ មិន​ចង់​ថា​មាន​ឈ្មោះ​មាន​អី​ទេ​ ប៉ុន្ដែវា​ជា​កាតព្វ​កិច្ច​មួយ​​ថា​យើង​ជួយ​ក​សាង​ហ្នឹង​ឱ្យ​​អ្នក​ជំនាន់​ក្រោយ​ទៀត​ឱ្យ​​ចេះ​ជួយ​ក៏​សាង​គ្នា​បន្តៗ​ទៅ​ទៀត​គោល​បំណង​របស់​ខ្ញុំ​អ៊ីចឹង”។

អំពើ​ល្អទាំង​នេះ​ហើយ​ដែល​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធីពាន​រង្វាន​ពលរដ្ឋ​គំរូSmart ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «ឆ្ពោះ​ទៅ​មុខ​រួម​គ្នា»  របស់​ក្រុមហ៊ុន Smart Axiata ដែលបានចាប់​ផ្តើម​នៅថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ កម្មវិធី​នេះ​មាន​បំណង​ស្វែង​រក​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ធ្វើ​សកម្មភាព​ល្អៗ​ក្នុង​​ការ​ជួយ​ប្រទេស​ជាតិ អ្នក​ជិ​តខាង និង​សហគមន៍​របស់​ខ្លួន។

ការ​ប្រកាសជ័យ​លាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart នឹង​ត្រូវ​ធ្វើឡើង​នៅថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​មានការ​ផ្សាយ​បន្ត​ផ្ទាល់នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន Smart។

ដើម្បី​ចូល​មើល​វីដេអូ​អំពី​លោក អ៊ែល ម៉ាត ​សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ៖ https://fb.watch/5ALdm6JtUo/

សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាម​ដាន​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រុមហ៊ុន Smart តាម​រយៈ  www.facebook.com/smartforcambodia ឬ​ចូល​ទៅ​កាន់​គេហ​ទំព័រ www.smart.com.kh។

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។ Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smartសេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!​

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក ​គាំ ទីវា

ទូរស័ព្ទ៖​+855 10 202 271

អុីម៉ែល៖​koam.tivea@smart.com.kh

 


ចែករំលែក៖