ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ឋវីដេអូសន្និសីទ Zoom សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវានៅការដ្ឋានទី១ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, កិច្ចដំណើរការដ្ឋានទី២ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល និងទី៣ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ អគ្គនាយកមជ្ឃមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្ដិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម លោក ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស្វយ័តកំពង់ផែភ្នំពេញ ព្រមទាំងលោកដែលជាសមាជិកនៃក្រុមការងារអន្តរក្រសួងនេះ ។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ដោយយោងតាមការចង្អុលបង្ហាញដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវប្រមូលយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវា ទាំងអស់ចេញពីបាតទន្លេមេង្គ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ អ្នកនេសាទ និងអ្នកប្រកបអាជីវកម្មផ្សេងៗតាមដងទន្លេមេង្គ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ បានធ្វើសេចក្តីរាយការណ៍សង្ខបស្ដីពីលទ្ធបិទបញ្ចប់ការដ្ឋានទី១ ដោយបានលើកឡើងថា កិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាចម្បាំង ក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចាប់ផ្ដើមពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យ និងទទួលលទ្ធផលល្អប្រសើរ ប្រកបដោយកិច្ចសហការល្អ និងមានសុវត្ថិភាពខ្ពស់បំផុត។ ប្រតិបត្តិការនេះបានស្រង់គ្រាប់ដែលមិនទាន់ផ្ទុះជាង ១៦តោន និងសម្ភារសឹកមួយចំនួនទៀត។
ចំពោះប្រតិបត្តិការ នៅការដ្ឋានទី២-៣ នាយឧត្តមសេនីយ៍ នាង ផាត បានបន្តថា ការងារអនុវត្តនៅការដ្ឋានទី២-៣ បានអនុវត្តតាមស្មារតីតាមផែនការគ្រោងទុក ដោយពង្រាយកម្លាំងប្រតិបត្តិការ បោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងប្រតិបត្តិការស្រង់នាវា។
នាយឧត្តមសេនីយ៍ បន្ថែមថា រហូតមកដល់ពេលនេះ ចំពោះកិច្ចប្រតិបត្តិការ នៅការដ្ឋានទី២ ក្នុងឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល កំពុងអនុវត្តយ៉ាងសកម្មបំផុត និងប្រព្រឹត្តតាមការគ្រោងទុក ទោះបីមានការយឺតយ៉ាវខ្លះៗក៏ដោយ ប៉ុន្ដែក្រុមការងារ ក៏បានបន្ដប្រតិបត្តិការរបស់ខ្លួន ប្រកបដោយរលូនផងដែរ។
ចំពោះការដ្ឋានទី៣ ក្នុងឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល វិញ ប្រតិបត្តិការចាប់ផ្ដើមពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដោយក្រុមការងារមានកិច្ចសហការល្អជាមួយកំពង់ផែស្វយ័ត ដើម្បីសម្រួលកិច្ចសហប្រតិបត្តិការរុករកស្រាវជ្រាវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវា ក៏បានដំណើការរលូន មានសុវត្ថិភាព។
ក្រោយស្ដាប់របាយការណ៍សង្ខបរួច សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងការកោតសរសើរ ចំពោះក្រុមការងារទាំងអស់ បានធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាក្រោមបាតទន្លេមេង្គ។ សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមថា រហូតមកដល់ពេលនេះ ការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោម និងស្រង់នាវាពីបាតទន្លេមេង្គ ទោះបីមិនបានបញ្ចប់ក៏ដោយ ប៉ុន្ដែទទួលបានជោគជ័យ និងលទ្ធផលល្អ ហើយសម្ដេចសង្ឃឹមថា នឹងទទួលបានជោគជ័យទាំងស្រុង នាពេលខាងមុខនេះផងដែរ៕
ដោយ ៖ សិលា