ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសៀមរាប សម្រេចបើកការចេញ-ចូលឡើងវិញ កំណាត់ផ្លូវ១ខ្សែភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមុខភោជនីយដ្ឋានរាជិនី ស្ថិតនៅភូមិដកពោធិ៍ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបថា៖ ចំពោះករណីពាក់ព័ន្ធនឹងក្រុមគ្រួសារអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ម៉ម សុខថេន ដែលរស់នៅតាមបណ្ដោយផ្លូវភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅដល់មុខភោជនីយដ្ឋានរាជិនី ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប រដ្ឋបាលខេត្ត សម្រេចបិទ ការចេញ-ចូល ជាបណ្ដោះអាសន្នកំណាត់ផ្លូវខាងលើ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ វិធានចត្តាឡីស័ក និងការយកសំណាកធ្វើតេស្តស្រាវជ្រាវអ្នកពាក់ព័ន្ធលទ្ធផលអវិជ្ជមាន បានធ្វើឲ្យករណីនេះ វិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញ កំណាត់ផ្លូវ១ខ្សែភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅដល់មុខភោជនីយដ្ឋានរាជិនី ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ។ គណៈបញ្ជាការ-ឯកភាពរដ្ឋបាលក្រុងសៀមរាប និងត្រូវដឹកនាំកម្លាំងមានសមត្ថកិច្ច ចុះអនុវត្តប្រកាសបើកដំណើការឡើងវិញនូវកំណាត់ផ្លូវខាងលើ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់បិទខ្ទប់ ក៏ដូចជាអ្នកពាក់ព័ន្ធ ដែលបានចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ក្នុងការអនុវត្តវិធានការចត្តាឡីស័ក និងយកសំណាក នាពេលកន្លងមក។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាប និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖