ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ សម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ។

ក្នុងដោយបញ្ជាក់ថា សម្រេច ៖

ប្រការ១ ..ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តទៅ លើកលែងតែផ្សារមិនរៀបរយទាំងអស់ ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សារ រោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម មិនត្រូវបាន អនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ប្រការ២ …ក្នុងអំឡុងពេលនៃការចាប់ផ្ដើមបើកដំណើរការផ្សាររដ្ឋទាំងអស់ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងគណៈគ្រប់គ្រងផ្សាររដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ដូចខាងក្រោម៖
– ត្រូវអនុញ្ញាតឱ្យអាជីវករធ្វើការលក់ដូរនូវមុខទំនិញជាគ្រឿងឧបភោគ-បរិភោគ ដែលជាតម្រូវការ ចាំបាច់ប្រចាំថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែ ចំពោះរូបអាហារ និងតូបភេសជ្ជៈក្នុងបរិវេណផ្សារ មិនត្រូវទទួល អតិថិជនឱ្យចូលមកទទួលទានឡើយ គឺត្រូវលក់ដូរជាលក្ខណៈ វេចខ្ចប់ជាដាច់ខាត
– ត្រូវកំណត់ចំនួនអតិថិជនចេញ-ចូលផ្សារ ក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំទីតាំងផ្សារដើម្បីរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឱ្យមានខ្យល់ចេញ-ចូល គ្រប់គ្រាន់ ដោយត្រូវចៀសវាងការប្រជ្រៀតគ្នា ឬប្រមូលផ្ដុំមនុស្សច្រើន ដែលជាហានិភ័យនៃការ ចម្លងវីរុសកូវីដ-១៩ ក៏ដូចជាត្រូវចូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាគម្លាត ១,៥ ម៉ែត្រ ជាចាំបាច់ ក្នុងបរិវេណផ្សារនីមួយៗ
– អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុងបរិវេណផ្សារត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។ ក្នុងករណីមិនពាក់ម៉ាស ឬ ពាក់ម៉ាសមិនបានត្រឹមត្រូវ ឬ មិនរក្សាគម្លាតសុវត្ថិភាពទេនោះ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និង គណៈកម្មការគ្រប់គ្រងផ្សាររដ្ឋ ត្រូវសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការ ផាកពិន័យជាបន្ទាន់ចំពោះបុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ពិន័យអន្តរការណ៍ចន្លោះពី ២០០.000៛ ដល់ ១.០០០.០០០៛ ស្របតាមប្រការ ២ នៃប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ .ប្រក ចុះ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការ ពិន័យជាប្រាក់ចំពោះបុគ្គល នីតិបុគ្គល ដែលប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត ដោយគ្មានការលើកលែងឡើយ។
សូមអាននូវសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុងដូចខាងក្រោម៕

ដោយ ៖ សិលា


ចែករំលែក៖