ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមឆក់កាបូបជនជាតិចិន មានលុយជាង២០ម៉ឺនដុល្លារ ត្រូវបានសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនបាន !

ចែករំលែក៖

ភ្នំពេញ៖ ក្រុមឆក់កាបូបជនជាតិចិន មានលុយជាង២០ម៉ឺនដុល្លារ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបាន២នាក់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ចំណុចផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង និងផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល។

សូមបញ្ជាក់ថា, កាលពីថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៥៖៣០នាទី នៅមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់) ជនជាតិ ចិន បង្កដោយជនសង្ស័យចំនួន០២នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូ២គ្រឿងម៉ាក Nex ស៊េរី២០២០ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ និងម៉ាក ហុងដា ឃ្លីក ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ បានសម្រេចរួចគេចខ្លួនបាត់តែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួន០២នាក់ នៅចំណុចផ្សេងៗគ្នា មានឈ្មោះដូចខាងក្រោម៖

* ទី១៖ ឈ្មោះ ស្វាយ រិទ្ធី ហៅ (ប៊យ) អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
* ទី២៖ ឈ្មោះ ជុំ ស៊ីជែន អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅចំណុចសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖
-ម៉ូតូធ្វើសកម្មភាពឆក់ម៉ាកនិច ០១គ្រឿង
-ប្រាក់ដុល្លារមួយចំនួន (ប្រាក់ជនរងគ្រោះ)។

តាមចម្លើយរបស់ជនសង្ស័យខាងលើបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់) ជនជាតិចិន នៅមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៥៖៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ប្រាកដមែន។ បច្ចុប្បន្ននាយកដ្ឋានកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

ដោយ ៖ សិលា


ចែករំលែក៖