ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមដោយ គ្រោះថ្នាក់ចៃដន្យនៅវេលាម៉ោង០៨និង១០នាទីព្រឹកថ្ងៃទី២០ខែឧសភា ឆ្នាំ២០២១ នៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ។
ជនរងគ្រោះឈ្មោះ សេង ហ៊ឺ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត នៅភូមិស្រមោច ឃុំ ព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ។
នគរបាលក្នុងមូលដ្ឋានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះ រួមទាំង អ្នកបើកអេស្ការវ៉ាទ័រ បានអង្គុយលេងនៅក្រោមរថយន្តបែនដឹកដីរបស់ឈ្មោះ ឈុំ កញ្ញា ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិតាឡំចុង ឃុំតាឡំ ស្រុកមង្លបូរី មុខរបរអ្នកបើកបររថយន្ត ។
ប្រភពដដែលបន្តថា លុះដល់ម៉ោង៨និង១០នាទី អ្នកបើកបរអេស្ការវ៉ាទ័រក៏ដើរទៅបើកអេស្ការដើម្បីចូកដី ចំណែកឈ្មោះ ឈុំ កញ្ញា បានដើរឡើងរថយន្តរបស់ខ្លួនហើយបានបញ្ឆេះដើម្បីលើកទ្រុងឡានចាក់ដីនៅជាប់ពីល្ងាចចេញ ប៉ុន្តែឈ្មោះ សេង ហ៊ឺ ជាជនរងគ្រោះមិនបានក្រោកចេញពីកន្លែងអង្គុយដែលជាប់នឹងកង់ក្រោយរថយន្តរបស់ឈ្មោះ ឈុំ កញ្ញា នោះឡើយ ហើយនៅពេលដែលឡើងលើរថយន្តឈ្មោះឈុំ កញ្ញា បានបញ្ឆេះម៉ាស៊ីនរួចរោទិ៍ម៉ាស៊ីនបាញ់ខ្យល់ចាក់ដីចេញពីរថយន្តក៏ស្រាប់តែរថយន្តជាប់លេខហើយជ្រុលទៅមុខកិនឈ្មោះសេង ហ៊ឺ ដែលកំពុងអង្គុយជាប់នឹងកង់រថយន្តខាងក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែង ។ក្រោយដឹងថារថយន្តរបស់ខ្លួនកិនអ្នកបើកបរដឹកដីជាមួយគ្នាស្លាប់ឈ្មោះឈុំ កញ្ញា បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនិងសពនៅកន្លែងដឹកដី ។
ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពរួចរាល់របស់សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្តត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរីដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណា