ខេត្តកំពង់ចាម៖ បេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន៩៣នាក់បន្ថែមទៀត ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ នៅស្រុកជើងព្រៃ ស្រុកបាធាយ, ស្រុកព្រៃឈរ និងស្រុកកំពង់សៀម និងមានករណីជាសះស្បើយ២៣នាក់។
ជាក់ស្ដែងនៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះ បានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ដែលទើបរកឃើញនេះ មាននៅស្រុកបាធាយ ចំនួន៣៤នាក់, ស្រុកជើងព្រៃ ចំនួន៣៤នាក់, ស្រុកព្រៃឈរ ចំនួន០៩នាក់,ស្រុកកំពង់សៀម ចំនួន៦នាក់, មកពីខេត្តកំពង់ឆ្នាំង ចំនួន៣នាក់ និងមកពីខេត្តកំពង់ធំ ចំនួន៧នាក់។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ-១៩ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755 ។
មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្តកំពង់ចាម ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕ ដោយ ៖ សហការី