ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២០ខែឧសភា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនដែលបានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគបាលស្រុកប្រាសាទបាគង ចុះបង្ក្រាបបទលើ្មសជួញដូរគ្រឿងញៀនហើយបានឃាត់ជនសង្ស័យពាក់ព័ន្ធ៤នាក់ រួមទាំងវត្ថុតាងមួយចំនួននោះ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ។
មន្រ្តីនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថាជនសង្ស័យចំនួន០៤នាក់នោះមាន ១-ឈ្មោះ ឈឿន ឆ័យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់មាន់ មានទីលំនៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
២-ឈ្មោះ សៃ សេត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
៣-ឈ្មោះ ប៉ៃ បារាំង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
៤-ឈ្មោះ នឿ ណាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចបង្រ្កាបកាលពីយប់ថ្ងៃទី១៨ ខែឧសភានៅចំណុចលំនៅដ្ឋានមួយកន្លែងក្នុងភូមិ អូរ និងភូមិច្រេស ឃុំកណ្តែក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះដែរ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ៖ ម្សៅមេតំហ្វេតាមីនចំនួន១៧កញ្ចប់ ស្មើនឹងទម្ងន់៤១.៨១ក្រាម(ទម្ងន់សុទ្ធ)។សម្ភារ:វេចខ្ចប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ០៧គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបរួចហើយ៕
ដោយ ៖ ប្រាថ្នា