ព័ត៌មានទាន់ហេតុការណ៍៖

អតីតតារាសម្តែង លោក យុត្ថារា ឆានី បញ្ជាក់ពីពាក្យ “ស្រីពស់វែក!” ថាមិនបានសំដៅទៅលើអតីតភរិយាលោកស្រី ចន ច័ន្ទលក្ខិណានោះទេ

ចែករំលែក៖

ភ្នំពេញ៖ សារខ្លីមានន័យក្តៅគគុកកាលពីប៉ុន្មានថ្ងៃមុននេះរបស់អតីតតារាសម្តែងលោក យុត្ថារ៉ា ឆានី បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកធ្វើការចែករំលែក និងទាញភ្ជាប់ពាក្យសម្តីទាំងនេះថាជាការឌឺដងផ្លែផ្កាទៅកាន់នារីណាម្នាក់។

លោកឆានីបានប្រើពាក្យថា “មិនសូវខ្លាចទេពស់វែក ខ្លាចតែស្រីពស់វែក” ដែលត្រូវបានបង្ហោះចូលទៅក្នុង Group ផ្ទាល់ខ្លួនមួយរហូតដល់បានក្លាយជាប្រធានបទជជែកគ្នាក្រៅផ្លូវការ។ 

  មានការលើកឡើងថា ជាការបង្ហោះក្នុងន័យថាឲ្យនារីណាម្នាក់ ហើយវាកាន់តែឡើងកម្តៅដែលក្រោយប៉ុន្មានថ្ងៃមុននេះដែរ គេក៏បានឃើញលោកស្រីចន ច័ន្ទលក្ខិណាពោលពាក្យខ្លីមួយលើបណ្តាញសង្គមហ្វេសប៊ុកថា “ចរិតពាលា ជេរស្រី បាញ់បោះចេញកន្ទុយបណ្តើរៗ”ហើយ អាណិតដែលដែលគ្នាខំលាក់ពុតនិងរៀបឫកធ្វើជាសុភាពបុរសរយៈពេល១០ឆ្នាំកន្លងមក ខ្ញុំសុខចិត្តឲ្យគេគិតថាជាស្រីកាច ស្រីអាក្រក់ ក៏មិនជ្រកក្រោមម្លប់នៃសុភាពបុរសពុតត្បុតជេរស្រីមិនបណ្តាក់មាត់ដែរ។ ទោះជាយ៉ាងណាដើម្បីបញ្ចប់ការសង្ស័យ អតីតារាសម្តែងលោក យុត្ថារ៉ា ឆានី បានបញ្ជាក់ជាថ្មីថា “ស្រីពស់វែក” គឺមិនសំដៅអតីតភរិយារបស់លោក គឺអ្នកនាង ចន ច័ន្ទលក្ខិណានោះឡើយ។លោកបានបង្ហោះសារមួយដោយមានភ្ជាប់រូបថតរបស់លោក កូន និងអតីតភរិយា ជាច្រើនសន្លឹកថា ឃ្លាដែលលោកបានសរសេរនោះ គឺវាគ្រាន់តែពាក្យចាស់បុរាណប៉ុណ្ណោះ គឺលោកមិនសំដៅលើនារីណាម្នាក់ទេ ហើយក៏រឹតតែគ្មានបំណងវាយប្រហារលើអតីតភរិយារបស់លោកគឺអ្នកនាង ចន ច័ន្ទលក្ខិណានោះដែរ។លោកបញ្ជាក់ថា បច្ចុប្បន្នគ្រួសារលោក ជាមួយនឹងគ្រួសារអតីតភរិយារបស់លោក គឺនៅរាប់អានគ្នាល្អខ្លាំងណាស់ ដូច្នេះហើយលោកសូមកុំឲ្យមហាជន ជាពិសេសអ្នកគាំទ្រលោកមានការភាន់ច្រឡំ។ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងថាមានដើមចមអ្វីដែលធ្វើឲ្យលោកបង្ហោះចេញនូវពាក្យមួយឃ្លាថា”មិនសូវខ្លាចទេពស់វែក ខ្លាចតែស្រីពស់វែក” ហើយថាហេតុអ្វីបានជាលោកទើបបញ្ជាក់ពីស្ថានភាពទំនាក់ទំនងគ្រួសារលោក និងគ្រួសារអតីតភរិយានៅពេលនេះ ស្របពេលដែលការចែកផ្លូវគ្នាអស់រយៈពេលជាង៧ឆ្នាំមកហើយ ។

កន្លងទៅក៏លេចចេញពាក្យសម្តី មួយចំនួនរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានផ្ញើទៅកាន់ភរិយាថ្មីរបស់អតីតស្វាមី ផងដែរ៕

 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖