ព័ត៌មានទាន់ហេតុការណ៍៖

អ្នកកំពង់ស្ពឺ មានចំណេះដឹងពូកែរៀនសូត្រមិនមែនជាអ្នកប្រមឹកខួបទេ ដូច្នេះត្រូវរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរចេញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អ្នកខេត្តកំពង់ស្ពឺ ជាអ្នកពូកែខាងរៀនសូត្រចេះដឹងខាងអក្សរសាស្ត្រ មិនមែនជាអ្នកប្រមឹកខួបនោះទេ។

ដូច្នេះមន្ទីរពាក់ព័ន្ធខេត្តកំពង់ស្ពឺត្រូវចាប់ផ្តើមជូនដំណឹងរុះរើ ចេញជាបន្ទាន់នូវស្លាកប៉ាណូដែលបានលើកតាំងផ្សព្វផ្សាយផលិតផលស្រាបៀរផ្សេងៗ និងមិនឱ្យមានលក់ស្រាបៀរ  ។ 

នេះជាប្រសាសន៍របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនៅក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ។

លោក វ៉ី សំណាង បានលើកឡើងថា សម្តេចសង្ឃរាជ ជួន ណាត ជាអ្នកដើមកំណើតនៅខេត្តកំពង់ស្ពឺ ហើយត្រូវបានចាត់ជាអ្នកប្រាជ្ញ ដែលបានចងក្រងស្នាដៃនិពន្ធជាច្រើនរួមទាំងវចនានុក្រមខ្មែរ សម្រាប់កូនចៅ គ្រប់ជំនាន់ក្រោយៗប្រើប្រាស់ ហើយព្រះអង្គជាឈាមជ័រកូនកសិកររស់នៅខេត្តកំពង់ស្ពឺរហូតរៀងមក ដូច្នេះមិនមែន ជាអ្នកដែលខ្ជិលច្រអូសដូចពាក្យគេតែងនិយាយបង្អាប់ថា (អ្នកកំប៊ុងប៊ឺ រលាក់កងជើង)នោះដូចមុនទៀតទេ ។មួយវិញទៀតក៏មិនមែនជាអ្នកផឹកស៊ីអ៊ួរទីនួរនោះដែរ ។

លោកអភិបាលខេត្តកំពង់ស្ពឺ លើកឡើងដូច្នេះគឺសំដៅដល់ការផ្សព្វផ្សាយផលិតផលស្រាបៀរ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋសាធារណៈ ពិសេសប៉ះពាល់ដល់យុទ្ធនាការផ្សព្វផ្សាយ វិធានការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ជាដើម ។

អភិបាលខេត្ត សង្កត់ធ្ងន់ថាការទទួលទានស្រា ឬ គ្រឿងស្រវឹង ឬ ទឹកប្តូរនិស្ស័យគឺធ្វើឱ្យមនុស្សប្រែនូវអត្តចរិក ប្រែនិស្ស័យ នាំឱ្យមានហិង្សាក្នុងគ្រួសារ និងនាំឱ្យមានការជួបជុំដែលប៉ះពាល់ដល់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩យ៉ាងសំខាន់ ។ ចាប់ពីពេលនេះតទៅសុំឱ្យមានការរុះរើប៉ាណូផ្សព្វផ្សាយផលិតផលស្រាបៀរទាំងអស់ចេញពីក្របខ័ណ្ឌដែនដី ខេត្តកំពង់ស្ពឺ ដោយដាក់ជំនួសមកវិញនូវប៉ាណូទាំងឡាយណាដែលជួយដល់សុខភាពពលរដ្ឋទូទៅ ព្រោះប៉ាណូទាំងនេះវាគ្មានចំណេញអីដល់សង្គមជាតិនោះទេ ។

ជុំវិញការដាក់បទបញ្ជាឱ្យធ្វើការរុះរើចេញនេះដែរ អភិបាលខេត្តកំពង់ស្ពឺ បានចាត់ អភិបាលរងខេត្ត ម្នាក់ដើម្បីដឹកនាំចាត់វិធានការលើការងារនេះឱ្យមានប្រសិទ្ធភាពនិងតម្លាភាពហើយមន្ទីរពាក់ព័ន្ធត្រូវចូលរួមអនុវត្តផងដែរ ។ 

ដោយឡែកអង្គប្រជុំក៏បាន ជំរុញឱ្យគណៈកម្មការត្រួតពិនិត្យការអនុវត្តនូវការពិន័យអន្តរការ ចំពោះបុគ្គល ដែលមិនគោរពវិធានការរដ្ឋបាល និងវិធានសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ស្ពឺនេះផងដែរ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖