ភ្នំពេញ៖ លោកតាម្នាក់ ដែលមានវ័យ៩២ឆ្នាំ ហេីយបានឆ្លងជំងឺកូវីដ-១៩ ខណៈដែលក្រុមគ្រូពេទ្យចុះយកទៅព្យាបាល ពេលនោះកូនប្រុសលោកតា បានលុតជង្គង់ក្រាបសំពះជូនដំណើរលោកឪពុក បានធ្វើឲ្យមហាជនជាច្រើនមានការអាណិតលោកតាយ៉ាងខ្លាំង និងកំពុងតាមដានមេីលថាគាត់អាចព្យាបាលជាឬអត់នោះ។ ប៉ុន្តែ ពេលនេះលោកតាបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។
គួរជម្រាបថា បេីយោងតាមម្ចាស់គណនីហ្វេសប៊ុក Khorn Sereysamkhann បានបង្ហោះតាមបណ្ដាញសង្គមឲ្យដឹងថា “ទួតបានត្រឡប់ទៅផ្ទះវិញហេីយ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការជូនពរនឹងការផ្តល់កម្លាំងចិត្ត❤️️🙏”។
គួររម្លឹកថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កន្លងទៅ លោកតា វ័យ៩២ឆ្នាំរូបនេះ បានឆ្លងជំងឺកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យចុះមកយកទៅព្យាបាល ហើយមុនចេញដំណើរកូនប្រុសលោកតាបានលុតជង្គង់ក្រាបសំពះជូនដំណើរលោកឪពុក ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកមហាជនជាច្រើនផងដែរ៕ដោយ៖សហការី