ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជូនខ្លួនជនសង្ស័យដែលឆក់កាបូបជនបរទេសបានទឹកប្រាក់ជាង២០មុឺនដុល្លារ ទៅតុលាការនៅព្រឹកថ្ងៃទី២១ខែឧសភានេះហើយ

ចែករំលែក៖

ភ្នំពេញ ៖ មុខសញ្ញាឆក់យ៉ាងសកម្ម២នាក់ក្នុងរាជធានីភ្នំពេញដែលបានធ្វើសកម្មភាពឆក់យកកាបូបជនបរទេសបានប្រាក់ជាង២០ម៉ឺនដុល្លារ នោះត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមស្រាវជ្រាវបង្ក្រាបបាន ហើយបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការតាមផ្លូវច្បាប់។

   សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នោះទី១-ឈ្មោះ ស្វាយ រិទ្ធី ហៅ(ប៊យ) អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅផ្លូវលេខ២៨៨​ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។  ទី២-ឈ្មោះ ជុំ ស៊ីដែន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ជាជនដៃដល់និងធ្លាប់ជាប់ពន្ធនាគារ)។ចំណែកជនរងគ្រោះឈ្មោះ WONG KIN WAH ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន។

  សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង ៣០នាទី ជនរងគ្រោះបានចេញពីធនាគារABA ផ្លូវត្រសក់ផ្អែម ឡើងជិះឡំប្រឺតាក្នុងគោលបំណងទៅធនាគារ ហួយវ័ន នៅផ្លូវព្រះនរោត្តម ដោយបានដាក់កាបូបស្ពាយពីមុខខ្លួន ហើយពាក់ ខ្សែកាបូបលើស្មាខាងស្តាំ លុះមកដល់ចំណុចមុខផ្សារផេនស៊ល ផ្លូវលេខ២១៤ សង្កាត់បឹងរាំង ក៏ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូចំនួន២ គ្រឿង ម៉ាកហុងដាឃ្លីក ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ និងម៉ូតូម៉ាក និច (NEX) ឆ្នាំ២០២០ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បានមកធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច រួចជនសង្ស័យទាំងពីរក៏បានបើកម៉ូតូគេចចេញពីកន្លែងកើតហេតុតែម្តង ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖