ខេត្តស្វាយរៀង៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក បន្តផ្ដល់គ្រឿងឧបភោគបរិភោគនិងសម្ភារៈដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅពងទឹកនាព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា ជៀង អំ សេដ្ឋា ពងទឹក ស្ថិតក្នុងឃុំពងទឹកស្រុករំដួល។
ជាមួយគ្នានោះដែរ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងនិងលោកម៉ែន វិបុល អភិបាលខេត្តនិងជាប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងជូនបងប្អូនប្រជាពលរដ្ឋ១៦នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅពងទឹកនេះផងដែរ។
លោកក៏បានស្នើដល់អាជ្ញាធរឃុំពងទឹក និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន ចូលរួមការប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំ ៣កុំ ៣ការពារ តាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងតាមវិធានក្រសួងសុខាភិបាល ផងដែរ។
បន្ទាប់មក លោក រស់ ផារិទ្ធក៏បានផ្តល់ជូនបងប្អូនទាំង ១៦នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នូវទឹកបរិសុទ្ធ ៨០យួរ មី ៨កេស ព្រមទាំងសាប៊ូ អាល់កុល និងម៉ាស់មួយចំនួន និងបានឧបត្ថម្ភដល់ក្រុមប្រចាំការការពារនៅមណ្ឌលចត្តាឡីស័ក ទឹកបរិសុទ្ធ ៣០យួរ មី ២កេស ផងដែរ ៕
ដោយ៖ យឹម សុថាន