ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ! អាជ្ញាធរ​ថៃ​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួនជាង​ ៣ពាន់នាក់ ខណៈ​អ្នក​ជំងឺ​ស្លាប់ថ្មី​ ៣២នាក់

ចែករំលែក៖

អន្តរជាតិ​៖ ទីភ្នាក់ងារ​សារព័ត៌មាន Bangkok Post បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលនៃប្រទេសថៃ នៅថ្ងៃសុក្រទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ថា៖​ មានអ្នកជំងឺ COVID-19 ចំនួន៣២នាក់ទៀតបានស្លាប់ ហើយករណីឆ្លងថ្មីៗចំនួន៣,៤៨១នាក់ ត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ជាក់ស្ដែង​ក្នុងចំណោមករណីឆ្លងថ្មីៗ​ ចំនួន​ ៣,៤៨១នាក់នេះ​ មាន​ ៩៥១នាក់ ត្រូវបានរកឃើញនៅតាមពន្ធនាគារ។

បេីយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា​ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺ២,៨៦៨នាក់ ក៏ទើបត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយផងដែរ នាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៧៩,៥០៤នាក់។

ក្រសួងសុខាភិបាលថៃ​ បន្តថា​ ក្រោយបូកបន្ថែមករណីឆ្លងនិងស្លាប់ថ្មីខាងលើ នាពេលនេះ ថៃបានកត់ត្រាករណីឆ្លងនៃជំងឺ COVID-19 នៅទូទាំងប្រទេសសរុបកើនដល់ ១២៣,០៦៦នាក់ ហើយករណីស្លាប់កើនដល់៧៣៥នាក់។

គួរជម្រាបថា​ គិតចាប់តាំងពីរលកឆ្លងរាតត្បាត COVID-19 លើកទី៣ ដែលមានសភាពធ្ងន់ធ្ងរជាងគេ បានចាប់ផ្តើមនៅក្នុងប្រទេសថៃ កាលពីដើមខែមេសា ករណីឆ្លងដល់ទៅ ៩៤,២០៣ករណី ត្រូវបានរកឃើញ ដោយក្នុងនោះ៥២,០៧៨នាក់ បានជាសះស្បើយឡើងវិញ៕ដោយ ​៖ ស​ តារា​


ចែករំលែក៖