ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ដើមឆ្នាំធ្វើឲ្យកសិករខេត្តប៉ៃលិនសប្បាយរីករាយនឹងការបង្កបង្កើនផល

ចែករំលែក៖

ខេត្ត​ប៉ៃលិន​៖ នា​ដើមឆ្នាំនេះ ហាក់ដូច​ជាមាន​ភ្លៀងច្រើនជាង​ឆ្នាំ​២០២០ កន្លងទៅដោយហេតុនេះហើយធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង ខេត្តប៉ៃលិន ជាពិសេសស្រុក​សាលា​ក្រៅ មានការ​សប្បាយរីករាយ​យ៉ាងខ្លាំង ក្នុងការ​ប្រកបមុខរបរកសិកម្ម។ 

សព្វថ្ងៃនេះមានអ្នកខ្លះ ព្រោះស្រូវ ខ្លះទៀត​ដាំពោត​ក្រហម និង​ដំឡូង​មី ជាដើម និងដំណាំផ្សេងៗជាច្រើន។

ឆ្លើយតបនឹងសំណូរអ្នកកាសែតលោក កាវ ភិន អាយុ ៥៥​ឆ្នាំ ជាកសិករ រស់នៅ​ភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន បានឱ្យដឹងថា គ្រួសារ​គាត់ បាន​ដាំដំឡូង​មី​ចំនួន ៦​ហិកតា ដោយដាំ​បាន​រយៈពេល​ជាង ១​ខែ​មកហើយ​។ ចាប់តាំងពី​ដាំដំឡូង​មី រហូតមកដល់​ពេលនេះ ដំណាំ​ដំឡូង​របស់គាត់ ដុះ​លូតលាស់​យ៉ាង​ល្អ មិនមាន​ងាប់​ដើម​ដូច​ឆ្នាំមុនៗ នោះទេ ព្រោះ​នៅ​ដើមឆ្នាំ​២០២១​នេះ ភ្លៀង​ធ្លាក់​ច្រើនជាង​ឆ្នាំមុន ខណ​:​តម្លៃ​ទីផ្សារ​ដំឡូង​មី ក៏​ឡើង​ខ្ពស់ជាង​ឆ្នាំមុន ដោយ១​គីឡូក្រាម ឈ្មួញ​ទិញ​ជាង ២​បាត (​ប្រាក់​ថៃ​)​ឯណោះ។

លោកថា ក្រោយពី​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ​រួច បាន​ប្រាក់​យក​សង​ជំពាក់​បំណុល​គេ គាត់​ក៏​ចាប់ផ្តើម​ជួល​ត្រាក់ទ័រ​ភ្ជួរ​ដី​ក្នុង​ចម្ការ ដាំដំឡូង​មី​សាថ្មី​ឡើងវិញ។ 

ជាមួយនេះគាត់ដឹងថា ប៉ុន្មានថ្ងៃមកនេះខាង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា នឹងមាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃទី​១៩ រហូតដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១​ គាត់សង្ឃឹមថាដំឡូង​មី​របស់គាត់​កាន់តែ​ល្អ មិន​បារម្ភ​ខ្វះ​ទឹក​ងាប់​ដើមទេ។ បើសិនជា​តម្លៃ​ទីផ្សារ​នៅតែ​ខ្ពស់​ដដែល​ទៀត ពួកគាត់​អាច​នឹង​សង​ជំពាក់​បំណុល​គេ​រួចរាល់ ហើយអាច​នឹង​សល់​ថវិកា​ខ្លះសម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុងគ្រួសារដែរ។

ដោយឡែកលោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ប៉ៃលិន បានឱ្យដឹងថា របប​ទឹកភ្លៀង​នា​ឆ្នាំ​២០២១​នេះ មាន​ច្រើនជាង​ឆ្នាំ​២០២០ ព្រោះ​ភ្លៀង​ធ្លាក់​ចាប់តាំងពី​ដើមឆ្នាំ​ថ្មី​នេះ ជា​ហូរហែ​មក ហើយក៏​នឹងមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ទៀត មិន​ខ្វះ​ទឹក​នៅតាម​ដងស្ទឹង ឬ​អូរ ក៏ដូចជា​ទឹកភ្លៀង​ធ្លាក់​ទៅលើ​ដំណាំ​ពោតក្រហម ដំឡូង​មីនោះ​ឡើយ​។ ទឹកភ្លៀង​មានអំណោយផល សម្រាប់​ប្រជាពលរដ្ឋ​បង្កបង្កើន​ផលដំណាំ មិន​ព្រួយបារម្ភ​ងាប់​ដើម​នោះឡើយ​។ 

លោកថា យ៉ាងណាបងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង និង​ស្រុក ត្រូវប្រុងប្រយ័ត្ន​នឹងភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ផ្ទ​រ​រន្ទះ ដោយ​ខាង​ក្រសួង ក៏បាន​ប្រកាស​ហើយ​ថា នឹងមាន​ករណី​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃទី​១៩ រហូតដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១​៕

ដោយ ៖ សហការី


ចែករំលែក៖